ភ្នំពេញៈ ជនសង្ស័យចំនួន១១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀនចំនួន១៤កញ្ចប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា ការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ទី១ឈ្មោះ សាយ ដេវិត (ហៅ រូត) ភេទប្រុស អាយុ២២ឆ្នាំ ,ទី២ឈ្មោះ ចំរើន វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៣ឈ្មោះ សរ ចាន់មករា ភេទប្រុស អាយុ២៧ឆ្នាំ និងជនសង្ស័យទី៤ឈ្មោះ ចូវ យ៉ាំងឡេក ភេទប្រុស អាយុ១៨ឆ្នាំ ដកហូតបានក្រាមសថ្លាចំនួន១កញ្ចប់។
បន្ទាប់ពីបង្រ្កាបជនសង្ស័យទាំង៤នាក់ខាងលើរួចមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៥នាក់ទៀត រួមនិងក្រាមពណ៌សថ្លា៧កញ្ចប់(ម៉ាទឹកកក) ដែលជាបក្ខពួកតែមួយ នៅវេលាម៉ោង៩និង៤០នាទីថ្ងៃដដែល នៅចំណុចសំណង់អណាធិបតេយ្យ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងនោះមាន ៖ទី១ឈ្មោះ រី រតនា ហៅឡេង ភេទប្រុស អាយុ១៩ឆ្នាំ ,ទី២ឈ្មោះ ម៉ុន វណ្ណារិទ្ធ ហៅមុំ ភេទប្រុស អាយុ៣៥ឆ្នាំ ,ទី៣ឈ្មោះ សួន ពៅ ហៅទូច ភេទប្រុស អាយុ២៨ឆ្នាំ ,ទី៤ឈ្មោះ ហ៊ង គីមខៃ ភេទប្រុស អាយុ១៨ឆ្នាំ និងជនសង្ស័យទី៥ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ១៩ឆ្នាំ។
ក្រោយពីសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ជនសង្ស័យទាំង៩នាក់ ត្រូវបានបញ្ជូនមកសួរនាំរួចនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៤និង៤៥នាទីល្ងាច សមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានទទួលជនសង្ស័យប្រុសស្រី២នាក់ រួមនិងក្រាម ពណ៌សថ្លា ៦កញ្ចប់ ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បង្រ្កាប និងឃាត់ខ្លួនបាន នៅចំណុចដីឡូត៍ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានឈ្មោះ រី វី ភេទស្រី អាយុ២១ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ ខែក មករា ហៅប្រុស ភេទប្រុស អាយុ៣១ឆ្នាំ។
ក្រោយមក តាមចម្លើយសារភាពជនសង្ស័យទាំង១១នាក់ខាងលើ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀងពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន កំពុងកសាងសុំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់បន្តទៀត៕
មតិយោបល់