ព័ត៌មានជាតិ

រន្ធត់! ឡានដឹកដីបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម្តាយស្លាប់និងកូនរងរបួស!

កំពង់ធំ: លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងក្មេងប្រុសម្នាក់របួសស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

មុនពេលកើតហេតុ គេឃើញមានរថយន្ត ម៉ាកគា (Kai Boxer) ដឹកដី ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ3A.0212 អ្នកបើកបរ(គេចខ្លួនបាត់) លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយឈ្មោះ ប៉ោ ឡៃឈាន់ ភេទស្រី អាយុ៣៥ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) និងអ្នករួមដំណើរ ឈ្មោះ ឡុង ឡាយហ័រ ភេទប្រុស អាយុ ៩ឆ្នាំ ត្រូវជាកូន (របួសស្រាល) ។ អ្នកទាំង២នាក់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងកសាងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់