ព័ត៌មានជាតិ

អត់លុយធ្វើសោហ៊ុយទៅមណ្ឌលអង្គការមិត្តភាពខ្លាំងពេក ដល់ថ្នាក់ផ្លោះចូលរបងវត្តស្រះចកលួចកង់គេ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ឈ្មោះ សុខ ជា ហៅខ្លឹង អាយុ ៣៣ឆ្នាំ ស្នាក់នៅមណ្ឌលអង្គការមិត្តភាព មុខរបរមិនពិតប្រាកដ បានផ្លោះចូលទៅក្នុងវត្តស្រះចកព្យាយាមលួចកង់មួយគ្រឿង តែមិនបានសម្រេច ត្រូវបានអ្នករត់រម៉កកង់បីដែលស្នាក់នៅក្នុងវត្តប្រទះឃើញ ក៏ឃាត់ខ្លួនទាំងកណ្ដាលអធ្រាត្រប្រគល់ឲ្យសមត្ថកិច្ចដើម្បីយកទៅសាកសួរតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ក្នុងវត្តស្រះចក សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីអ្នករត់រឺម៉កកង់បីដែលស្នាក់នៅក្នុងវត្តបានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែរៀបចំសម្រាន្ត ខណៈនោះក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងតែដើរអឺតលឺមនៅក្បែរកន្លែងដាក់ម៉ូតូ ដោយហេតុថាទើបតែបានបាត់ម៉ូតូអស់មួយគ្រឿងកាលពីប៉ុន្មានថ្ងៃមុន ទើបមានការសង្ស័យក៏ឃាត់ខ្លួនបុរសខាងលើប្រគល់ឲ្យសម្ថកិច្ចសាកសួរនាំតែម្ដងទៅ។

តាមចម្លើយសារភាពបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានដើរលេងនៅម្ដុំមាត់ទន្លេ លុះបានធ្វើដំណើរមកដល់វត្តស្រះចក ក៏ផ្លោះចូលហើយព្យាយាមលួចកង់មួយគ្រឿងបម្រុងយកទៅលក់ដើម្បីយកលុយធ្វើដំណើរទៅកន្លែងស្នាក់នៅ តែមិនបានសម្រេចផង ក៏ត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីវិធីច្បាប់៕

មតិយោបល់