ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង បើកបរដោយបុរសជនជាតិ មិនប្រយ័ត្នទៅបុកជាមួយនឹងម៉ូតូហុងដាសេ១២៥ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ២នាក់ប្អូនបង្កើត ម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១៥-២១៦ នៅចំណោតអូរត្រាវ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្ត១គ្រឿងម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-0689 បើកបរដោយឈ្មោះ CHAU LUNG ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មានប័ណ្ណបើកបរខ្មែរ លេខB327906 មានសុពលភាពឆ្នាំ2026 (មានកម្រិតជាតិអាល់កុល0,68ml/L) បើកបរមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបុកនឹងម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ពាង បូ ភេទប្រុស អាយុ២៥ឆ្នាំ មានអ្នករួមដំណើរម្នាក់ឈ្មោះ ពាង រ៉ូ ភេទប្រុស អាយុ១៨ ឆ្នាំ អ្នកទាំង២មានមុខរបរ កម្មកររោងចក្រតំបន់ សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្នាក់នៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បើកបរមានទិសដៅបញ្រ្ចាសគ្នា ។
គ្រោះថ្នាក់នេះ ភ្លាមៗបណ្ដាលឲ្យរងរបួសធ្ងន់ ភាគីខាងម៉ូតូចំនួនទាំង២នាក់ ក្នុងនោះអ្នកបើកម៉ូតូឈ្មោះ ពាង បូ ត្រូវជាបង ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ និងអ្នករួមដំណើរត្រូវជាប្អូនរបួសធ្ងន់។
ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចបាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់