គម្រោងសាងសង់អគារភ្លោះកម្ពស់ ១៣៣ជាន់ ឬមានឈ្មោះថា អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃនេះ គឺត្រូវបានពន្យារពេល និងពុំទាន់អាចបញ្ជាក់កាលបរិច្ឆេទថ្មីនៅឡើយទេ។
លោក ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានឲ្យ Post Business ដឹងថា គម្រោងនេះ ត្រូវបានពន្យារពេលដោយសារ មានការកែលម្អប្លង់ និងត្រួតពិនិត្យបច្ចេកទេសឡើងវិញ។
យ៉ាងណាមិញ ទាំងថវិកា ទំាងផ្លូវច្បាប់ គឺត្រៀមរួចរាល់ជាស្រេច សម្រាប់ចាប់ផ្តើមគម្រោងនេះ រង់ចាំតែការកែលម្អប្លង់ ការត្រួតពិនិត្យបច្ចេកទេស និងសេចក្តីសម្រេចពីក្រុមការងារពាក់ព័ន្ធទាំងអស់។
អគារខ្ពស់កប់ពពកនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងក្រុមហ៊ុនសហវិនិយោគចិនក្រោមទុន ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ប្រមាណ ៥ឆ្នាំ។
អគារខ្ពស់កប់ពពកនេះ មានកម្ពស់ប្រមាណជា ៥០០ម៉ែត្រ ដែលនឹងជំនួសសួនកំសាន្តឌ្រីម លែនឌ៏ បានទទួលការអនុម័តយល់ព្រមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ កាលពីខែកុម្ភៈកន្លងទៅនេះ ហើយត្រូវបានរំពឹងថា នឹងក្លាយជាអគារខ្នាតយក្សក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនសាងសង់ចិន ចំនួន ២ ដើម្បីធ្វើការសាងសង់អគារនេះ លើផ្ទៃដី ៥ហិកតា អាចផ្ទុករថយន្តបាន ៥ពាន់គ្រឿង ជាពិសេសគឺមាន សណ្ឋាគារលំដាប់ផ្កាយ ៥ ចាប់ពីជាន់ទី ១០១ ដល់ជាន់ទី ១៣២។
គិតត្រឹមឆ្នាំ ២០១៥ គម្រោងវិនិយោគលើអគារកម្ពស់ខ្ពស់ ចាប់ពី ៥ ដល់ ៥៥ជាន់ នៅទូទាំងរាជធានីភ្នំពេញ មានប្រមាណ ៦៨៥អគារ នេះបើយោងតាមរបាយការណ៍ពី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕
ចាប់ពីជាន់ទី ១ ដល់ជាន់ទី ១៣៣ នៃអគារភ្លោះខ្ពស់បំផុតនៅកម្ពុជា មានមុខងារអ្វីខ្លះ?
មតិយោបល់