ព័ត៌មានជាតិ

ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតថ្នាំញៀន១កញ្ចប់ និងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ដែលនៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ គង់ សុខហេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចយើងបានល្បាតក្នុងមូលដ្ឋានតាមបណ្តោយផ្លូវរថភ្លើង ខណៈដែលមកដល់ចំណុចខាងលើ មានការសង្ស័យសមត្ថកិច្ចយើងបានឃាត់សួរនាំ និងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ ដោយជនសង្ស័យរូបនេះបានលាក់ទុកក្នុងកញ្ចប់បារី ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចមក រូបគេបានសារភាពថា ថ្នាំញៀនដែលខ្លួនបានទិញមកប្រើប្រាស់នេះ គឺទិញពីម្តុំរោងឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយរូបគេទិញក្នុង មួយកញ្ចប់តម្លៃ ២ម៉ឺនរៀលទៅ ៣ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់។

គួររំលឹកថា ទីតាំងនៅម្តុំរោងឆ្នាំងនេះ សម្បូរទៅដោយគ្រឿងញៀន ហើយអ្នកខ្លះទៀតឈរលក់ថ្នាំញៀនដូចផ្សារលក់ត្រីចឹង ដោយឈរលក់ទាំងថ្ងៃទាំងយប់ ទោះបីជាសមត្ថកិច្ចខិតខំបង្ក្រាបយ៉ាងណាក៏ដោយ នៅតែមិនចេះអស់ ព្រោះអីសមត្ថកិច្ចបង្ក្រាបបានតែពួកជួញដូរ និងចែកចាយគ្រឿងញៀនតូចៗ ចំណែកឯមេខ្លោងវិញមិនដែលឃើញមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

https://youtu.be/cYCtsv0zBO0

មតិយោបល់