កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៤នាក់ រងរបួសធ្ងន់និងសា្រល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៩នាទី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាក Suzuki smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-1190 បើកបរដោយឈ្មោះ ស៊ុន សុដេត ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់ផ្នែកក្បាល) រួមដំណើរជាមួយនឹងឈ្មោះ សីហា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិ ពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសស្រាល) អ្នកទាំង២ បម្រើការងារនៅសណ្ឋាគារក្លរៀ បើកបរខ្វះការប្រុងប្រយត្ន័បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1J-3660 បើកបរដោយឈ្មោះ សួន កូរ៉េ ភេទប្រុស អាយុ៣០ឆ្នាំ (យោធា) ស្នាក់នៅភូមិស្លាកែក សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ម៉ៅ រ៉ានី ភេទស្រី អាយុ ២៣ឆ្នាំ (បម្រើខារ៉ាអូខេ) ស្នាក់នៅភូមិទី ៥ សង្កាត់ទ្រនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ (របួសស្រាល)តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនាំយកម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕






មតិយោបល់