ភ្នំពេញៈ នៅម៉ោង៨ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចកាច់ កម៉ូតូ។
ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យដែលជាចោរលួចកាច់កម៉ូតូ មានឈ្មោះ ថុល មករា ហៅមិ សមុទ្រ ភេទប្រុស អាយុ៣០ឆ្នាំ បានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាកSUZUKI NEX ពណ៌ស ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ1GA-9921 របស់ឈ្មោះ ម៉ន សូផានី ភេទស្រី អាយុ៤៩ឆ្នាំ (ត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះ ចាន់ មុនីវុឌ្ឍ) កាលពីវេលាម៉ោង១០និង២២នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច ហាងមីនីម៉ាត ស្មាយ ផ្លូវលេខ១៨៤ កែង៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូ បានសម្រេចមិនទាន់បានជិះផង ក៏ត្រូវប្រជាពលរដ្ឋឃើញ ស្រែកឆោរឡោ ស្របពេលកម្លាំងអាវុធហត្ថខណ្ឌដូនពេញកំពុងល្បាត ឃើញសកម្មភាព ក៏បានអន្តរាគមន៍បង្ក្រាបបានភ្លាមៗផងដែរ។
ក្រោយពីបង្ក្រាបបាន ជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃកើតហេតុរូបខ្លួនបានជិះម៉ូតូ១គ្រឿង ម៉ាកSCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ1CL-6008 ជាម៉ូតូរបស់ខ្លួន ក្នុងគោលបំណងជិះទៅផឹកកាហ្វេនៅវត្តភ្នំ តែជិះមិនទាន់ដល់ផង ក៏ឃើញម៉ូតូ១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ជារបស់ជនរងគ្រោះខាងលើ ចតទុកខាងមុខម៉ាតស្មាយ ដោយឃើញឱកាសល្អរូបខ្លូន ក៏បានយកម៉ូតូរបស់ខ្លួនទៅផ្ញើនៅមុខសាលាបារាំង(អាលីយ៉ង់) បន្ទាប់មករូបគេក៏ចាប់ផ្តើមធ្វើសកម្មភាព លួចកាច់កម៉ូតូ របស់ជនរងគ្រោះខាងលើតែម្តង។ ពេលធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចហើយ មិនទាន់បានជិះផង ក៏ត្រូវជាប់ខ្នោះកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ ភ្លាមៗផងដែរ។
ប្រភពដដែលពីជនសង្ស័យខាងលើបានប្រាប់សមត្ថកិច្ចអាវុធឲ្យដឹងទៀតថា កន្លងមកក្នុងអំឡុងឆ្នាំ២០១៦ រូបខ្លួនធ្លាប់ជាប់ពន្ធនាគារយៈពេល៦ខែ ម្តងរួចមកហើយ ពីបទលួចកាច់កម៉ូតូ ហើយអំឡុងពេលនៅក្នុងពន្ធនាគារ រូបគេបានប្តូរឈ្មោះទៅជា មិ សមុទ្រ វិញ។ លុះពេលចេញពីពន្ធនាគារមកវិញ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៦ រូបខ្លួនបានធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿង បានសម្រេច នៅចំណុច ស្តាម៉ាតជាប់របងសាលាស៊ីសុវត្ថិ។
ចំណែកម៉ូតូម៉ាក SUZUKI NEX ពណ៌ស ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ1GA-9921 ដែលសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញដកហូតបាន ត្រូវប្រគល់ជូនម្ចាស់ដើមវិញ៕
មតិយោបល់