ព័ត៌មានជាតិ

លុចស៊ីស RX300 បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដាច់ក្រឡេកង់

ភ្នំពេញ: ប្តីប្រពន្ធវ័យចំណាស់មួយគូ បានបើករថយន្តលុចស៊ីស RX300 ចេញមកពីមើលកូនឈឺ ខណ:ដែលមេឃកំពុងភ្លៀង មើលផ្លូវមិនសូវច្បាស់ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង១២ កណ្តាលអធ្រាត្រថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីពីបុរសវ័យចំណាស់ខាងលើ ដែលជាអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់រួមទាំងជាមួយប្រពន្ធ បានបើកបររថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AI-5949 ទើបចេញពីមើលកូនរបស់គាត់ ដែលឈឺដេកសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ដោយធ្វើដំណើរពីកើតទៅលិច តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ។ លុះមកដល់ចំណុចកើតហេតុ ខណ:ដែលមេឃ កំពុងតែធ្លាក់ភ្លៀង ធ្វើឲ្យគាត់មើលផ្លូវមិនសូវច្បាស់ ក៏ជ្រុលចង្កូតទៅបុកនិងរបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចអស់មួយកង់។ ចំណែករថយន្ត បានរងការខូចខាតក្រពឹត និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង ទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះ។

ក្រោយពេលកើត សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

មតិយោបល់