ព័ត៌មានជាតិ

ក្មេងប្រុស៤នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន ដកហូតថ្នាំញៀន៧៤កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធខណ្ឌទួលគោកល្បាតពួនស្ទាក់ ឃាត់ខ្លួនបានទាំងអ្នកលក់ និងអ្នកទិញតែម្ដង ព្រមទាំងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន ៧៤កញ្ចប់តូច។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរោងចក្រឆ្នាំង ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ ស.ស.ខ ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, ទី២-ឈ្មោះ ម.ច.រ ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, ទី៣-ឈ្មោះ ផ.វ.ស.ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្សថ្នាក់៩ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅ ផ្ទះលេខ៣២ ផ្លូវរថភ្លើង ទឹកល្អក់ទី១ ខណ្ឌទួលគោក និងទី៤-ឈ្មោះ ន.ក.ណ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៩ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើ គឺកម្លាំងកងរាជអាវុធហត្ថបានធ្វើការល្បាតពួនស្ទាក ខណៈនោះបានឃើញជនសង្ស័យ ២នាក់កំពុងឈរលក់សារធាតុញៀននៅតាមបណ្ដោយផ្លូវរថភ្លើង ម្ដុំរោងចក្រឆ្នាំង ហើយក៏មានជនសង្ស័យ ២នាក់ទៀតជាសិស្សសាលាបានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-3168 បាននាំគ្នាមកទិញថ្នាំញៀន ដើម្បីយកទៅប្រើប្រាស់ ស្រាប់តែពេលនោះ ក៏ត្រូវកម្លាំងអាវុធហត្ថយើងឃើញបានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន ៧៤កញ្ចប់តែម្តង។

បច្ចុប្បន្នយុវជនសង្ស័យទាំង ៤នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់