ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសស្ត្រីអូស្ត្រាលីម្នាក់ និងគូកន ដាក់គុកម្នាក់១៨ខែ រឿង ជួលស្ត្រីខ្មែរពពោះជំនួសជនបរទេស

ភ្នំពេញៈ ដូចកាលកំណត់ពីពេលមុន នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកស្រី ស៊ លីនណា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទចំនួន ៣នាក់៖
-ទី១ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ដាក់ពន្ធនាគារកំណត់រយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀលចូលជាថវិការដ្ឋ

-ទី២ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ និងទី៣ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរឆ្មប ជាជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀលចូលជាថវិការដ្ឋ

ពីបទ អន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ និងបទ សុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត ប្រព្រឹត្តិនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៤ ដល់២០១៦ យោងតាមមាត្រា៣៣២ និងមាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ។

សាលក្រមនេះបានបើកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ក្នុងរយៈ ១ខែគិតចាប់ថ្ងៃប្រកាសសាលក្រម។

ក្រោយពីបើកសវនាការពេញមួយថ្ងៃមិនទាន់ចប់កាលពីទី១៣ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនោះ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោកស្រី ស៊ លីនណា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ ជំនុំជម្រះជាសាធារណៈលើសំណុំរឿង ជួលស្ត្រីខ្មែរពពោះជំនួស ជនបរទេសនៅអូស្ត្រាលី បញ្ចប់។

នៅក្នុងសវនាការកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ពេលកន្លងទៅឈ្មោះ CHARLES TAMMY ALAYNE ហៅ TAMMY បានសារភាពថា ខ្លួនបានធ្វើការឲ្យក្រុមហ៊ុនNEW GENERTIC ដែលជួលស្ត្រីខ្មែរឲ្យពពោះ និងបង្កើតកូនឲ្យជនជាតិអូស្ត្រាលី។ ជនជាប់ចោទបានបន្តថា ខ្លួនបានរកស្ត្រីខ្មែរនៅលីវពពោះ និងបង្កើតកូនចំនួន២៣នាក់ ដោយនាំចេញទៅក្រៅប្រទេសបាន៦នាក់ (ស្រីទាំងអស់) ក្នុងនោះកូនភ្លោះមួយម្នាក់ ដោយតម្លៃខ្លួនទទួលបានពីគ្រួសារចង់បានកូនម្នាក់ ៥០ ០០០ដុល្លារអាមេរិក ដោយខ្លួនដកយក ៨០០០ដុល្លារ លុយនៅសល់ទុកចំណាយផ្សេងៗ និងឲ្យស្ត្រីពពោះ។ ជនជាប់ចោទ បានអះអាងថា ការស៊ីឈ្នួលពពោះនោះមានកិច្ចសន្យាត្រឹមត្រូវជាមួយស្ត្រីអ្នកពពោះ ហើយដើម្បីបញ្ជូនកូននោះទៅអូស្ត្រាលី ឬទៅបរទេសបាន ទី១ត្រូវពិនិត្យមើល DNA រកឲ្យឃើញ ឪពុកសិន ទី២រៀបចំឯកសារចូលសញ្ជាតិអូស្ត្រាលី និងទី៣រៀបចំលិខិតឆ្លងដែនជាមុនសិន។

ជនជាប់ចោទឈ្មោះ សំរិទ្ធ ច័ន្ធចរិយា ហៅ សម្បត្តិ បានឆ្លើយថា ខ្លួនពិតជាបានធ្វើការឲ្យក្រុមហ៊ុន NEW GENERTIC មានទីតាំងនៅក្នុងអគារ កាណាឌីយ៉ា ដែលមានឈ្មោះ Tammy ជាប្រធាន និងជាអ្នកដើររកជួលស្ត្រីឲ្យពពោះ និងបង្កើតកូនឲ្យបរទេស។ ជនជាប់ចោទនិយាយថា ខ្លួនជាអ្នកបកប្រែភាសា ថែទាំ និងពិនិត្យសុខភាពស្ត្រីស៊ីឈ្នួលពពោះ ដោយទទួលបានប្រាក់ខែ ចំនួន ៦៥០ ដុល្លារក្នុង១ខែ។ ជនជាប់ចោទ បន្ថែមថា ស្ត្រីដែលស៊ីឈ្នួលពពោះ ពេលដាក់មេជីវិតចូល ទទួលបាន ៣០០ដុល្លារ នៅអំឡុងពេលពេលពោះទទួលបាន ៤០០ដុល្លារក្នុង១ខែ និងនៅសម្រាលកូនរួច ទទួលបានប្រាក់ចំនួន ១ម៉ឺនដុល្លារ ក្នុងកូនមួយ បន្ថែមទៀត។ ពួកគេត្រូវបានខ្លួនជូនទៅគណនីនៅធនាគារ វឌ្ឍនៈ ដើម្បីបើកលុយពេលសម្រាលកូនរួចរាល់។

ជនជាប់ចោទឈ្មោះ ពេញ រិទ្ធិ សារភាពថា ខ្លួនជាអ្នករត់ការធ្វើសំបុត្រកំណើតឲ្យទារកម្នាក់ ៧០០ ទៅ ១៣០០ ដុល្លារអាមេរិក និងជួយដឹកក្មេងចេញទៅបំពេញបែបបទនៅនាយកដ្ឋានអន្តោប្រវេសន៍ និងរត់ការធ្វើលិខិតឆ្លងដែនឲ្យទារក។ ជនជាប់ចោទ បញ្ជាក់ថា ខ្លួនយកលុយពី ឈ្មោះ Tammy សម្រាប់រត់ការ។ ខ្លួនជាអ្នកដើររកស្ត្រីខ្មែរឲ្យស៊ីឈ្នួលពពោះបាន៦នាក់ផងដែរ ដោយបានកម្រៃជើងសារពីស្ត្រីខ្មែរទាំងអស់នោះ ក្រៅពីកម្រៃជើងសារចំនួន ៩០០ដុល្លារ ហើយខ្លួនក៏បានទទួលប្រាក់ខែចំនួន ៦០០ដុល្លារក្នុងមួយខែពីឈ្មោះ Tammy។

ក្រុមស្ត្រីស៊ីឈ្នួលពពោះ ដែលជាសាក្សី បានរៀបរាប់ប្រាប់អង្គសវនការថា ពួកគាត់ព្រមពពោះដោយស្ម័គ្រចិត្តគ្មានអ្នកបង្ខំទេ។ នៅពេលសម្រាលកូនរួច កូននោះត្រូវ Tammy និងបុគ្គលិកគាត់ជាអ្នករត់ការ ធ្វើឯកសារផ្សេងដើម្បីឲ្យកូននោះបានទៅរស់នៅជាមួយឪពុកម្តាយ ជាម្ចាស់មេជីវិត។

គួររំលឹកថា សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយ អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ និងខណ្ឌដូនពេញ ឃាត់ខ្លួន ជនជាប់ចោទទាំង ៣នាក់កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦៕

https://youtu.be/Mu14VqXGkrQ

មតិយោបល់