ភ្នំពេញៈ លោក លី សុផាណា អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានយោងតាមការបញ្ជាក់តាម Telegram នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះថា ក្រោយពីពិនិត្យឯកសារ និងសាកសួរទៅលើអង្គហេតុចប់សព្វគ្រប់ លោក គុជ គឹមឡុង តំណាងអយ្យការ សម្រេចមិនបើកការស៊ើបសួរទេ ហើយអនុញ្ញាតិឲ្យជនសង្ស័យឈ្មោះ យស់ ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រលប់ទៅផ្ទះវិញ ដោយសាររឿងនេះមិនទាន់មានបន្ទុកសម្រាប់ការចោទប្រកាន់នៅឡើយទេ។
គួររំលឹកថា សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឃាត់ខ្លួន ឈ្មោះ យស់ ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ០១០/១៧ ល.ស ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ របស់លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបង្គាប់ឲ្យជនសង្ស័យចូលខ្លួនឲ្យបានមុនថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ តាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ឹម វណ្ណៈ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ដោយចោទជនសង្ស័យពីបទ រំលោភលើទំនុកចិត្ត ពាក់ព័ន្ធកិច្ចការងាររកស៊ីតភ្លើង៕
https://youtu.be/Qj7PBe_XhVY
មតិយោបល់