បន្ទាយមានជ័យៈ កាលពីវេលាម៉ោងប្រមាណជា២រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅក្នុងឃុំចំនួន៣ ក្នុងស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ត្រូវបានគេរាយការណ៍ថាមាន ផ្ទះនិងសាលារៀនជាច្រើនខ្នងត្រូវបានដួលរលំនិងរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់។
លោក រត្ន័ ដាស៊ីណង់ អភិបាលរងស្រុកមង្គលបូរីបានប្រាប់អង្គភាព Post News នាព្រឹកថ្ងៃទី៤ ខែសីហានេះថា យោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មានឃុំចំនួនបីគឺ ឃុំអូរប្រាសាទ ឃុំបន្ទាយនាង និងឃុំគោកបល្ល័ង្គ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយខ្យល់កន្ត្រាក់។ប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ ត្រូវបានបាត់បង់ទីជម្រក ព្រោះតែផ្ទះខ្លះត្រូវដួលរលំហើយនិងប៉ើងដំបូល ក្នុងនោះសាលារៀនក៏មានសាលារៀនផងដែរ។
លោកអភិបាលស្រុករូបនេះបន្តថា មិនទាន់មានរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានឃុំណាមួយបញ្ជាក់ថាមានមនុស្សនិងសត្វត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់នេះទេ នៅព្រឹកនេះអាជ្ញាធរនឹងចាត់ឲ្យប្រមូលព័ត៌មានជាក់លាក់ជុំវិញហេតុការណ៍គ្រោះធម្មជាតិនេះ ។
ថ្លែងប្រាប់អង្គភាព Post News ផងដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យឲ្យដឹងថា នៅព្រឹកនេះកម្លាំងនគរបាលមូលដ្ឋានរួមជាមួយកម្លាំងនគរបាលខេត្តនឹងចុះទៅជួយជួសជុលកសាងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋឡើងវិញ ក្រោមការជួយឧបត្ថម្ភពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ៕
មតិយោបល់