ភ្នំពេញៈ នារីម្នាក់បានបើកបររថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿន ខណៈមកដល់ស្តុបទំនងជាមិនដឹងថាមានរបាំងចែកទ្រូងផ្លូវ បានវ៉ារថយន្តមួយគ្រឿងនៅខាងមុខ បានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង រួចបន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល។ ចំណែករថយន្តខ្ទេចមួយកំណាត់ខាងមុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្តុបរតនាស្រីម៉ៅ មុខហាងរតនាស្រីទូច ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងឡើយគេបានឃើញបុរសរងគ្រោះមានវ័យប្រហែល២៥ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាក និច ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FH-9794 តែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបង្ក ម៉ាក តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-5379 បើកបរដោយនារីវ័យក្មេងម្នាក់មានវ័យ ប្រហែល២០ឆ្នាំ ក្នុងទិសដៅបញ្ច្រាសទិសគ្នាដោយល្បឿនមួយយ៉ាងលឿន វ៉ារថយន្តមួយគ្រឿងទៀតនៅខាងមុខ ឡើងមកខាងឆ្វេងដៃ អ៊កស៊ឺក៏បុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង រួចបន្តជ្រុលទៅប៉ះម៉ូតូបុរសរងគ្រោះបណ្តាលឲ្យដួលរបួសតែម្តង ចំណែករថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះមកសម្រួលចរាចរណ៍ដល់កន្លែងកើតហេតុនិងបានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកវាស់វែងស្ទូចយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕
មតិយោបល់