បន្ទាយមានជ័យៈ យុវជនប្រើប្រាស់ថ្នាំញៀនចំនួន១៤នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកម្លាំងនគរបាលក្រុងប៉ោយប៉ែតចេញប្រតិបត្តិការឡោមព័ទ្ធទីតាំងជួបជុំសេពមួយកន្លែង ក្នុងសង្កាត់និមិត្ត។
ប្រភពព័ត៌មានពីលោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ លោកបានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទឡោមព័ទ្ធទីតាំងមួយកន្លែងក្រោយវត្តដុងអារញ្ញ ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីមានគេរាយការណ៍ថាមានក្រុមយុវជនច្រើននាក់ជួបជុំគ្នាជក់ថ្នាំញៀន។ ក្រោយការឡោមព័ទ្ធកម្លាំងជំនាញបានឃាត់ខ្លួនយុវជនជាអ្នកប្រើប្រាស់ចំនួន១៤នាក់ភ្លាមៗព្រមទាំងដកហូតវត្ថុតាងជក់មួយចំនួន។
ក្រោយពីកសាងសំណុំរឿងរួចរាល់កម្លាំងជំនាញ ក៏បានបញ្ជូនជនប្រើប្រាស់ទាំង១៤នាក់មកសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់