ព័ត៌មានសុខភាព

ចង់មានឆ្អឹងរឹងមាំដល់ចាស់កោងខ្នង គួរញ៉ាំអាហារទាំងនេះ

អ្នកណាៗក៏ដឹងថា ទឹកដោះគោជាភេសជ្ជៈថែបំប៉នឲ្យឆ្អឹងមានភាពរឹងមាំដែរ ក៏ប៉ុន្តែមិនមែនមានតែជម្រើសមួយនេះទេ។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ក្រៅពីទឹកដោះគោ នៅមានអាហារមួយចំនួនទៀតក៏សម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពឆ្អឹង ហើយអាចការពារជំងឺពុកឆ្អឹងថែមទៀត។

ដំឡូងជ្វា
មើមរុក្ខជាតិមួយប្រភេទនេះ មានផ្ទុកសារធាតុសំខាន់ៗពីរយ៉ាង គឺប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជាធាតុផ្សំចាំបាច់បំផុតក្នុងការជួយរក្សាឆ្អឹងឲ្យរឹងមាំ។ ជាមធ្យមដំឡូងជ្វាទម្ងន់ ៣១ក្រាម មានផ្ទុកប៉ូតាស្យូមចំនួន ៥៤២មីលីក្រាម រួមទាំងម៉ាញ៉េស្យំផងដែរ។ ដូច្នេះ ការបន្ថែមដំឡូងជ្វា ជារបបអាហារប្រចាំថ្ងៃ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ថែបំប៉នសុខភាពឆ្អឹង។

ផ្លែឈើដែលមានរសជាតិជូរ
ការទទួលទាផ្លែទំពាំងបាយជូរ ឬផ្លែក្រូចនៅពេលព្រឹក មិនត្រឹមតែទទួលបានរសជាតិឆ្ងាញ់នោះទេ ថែមទាំងអាចជួយបន្ថែមវីតាមីន C ដើម្បីការពារជំងឺពុកឆ្អឹងផងដែរ។ ជាមធ្យមក្រូចថ្លុងមួយផ្លែមានផ្ទុកវីតាមីន C ប្រមាណជា ៩១មីលីក្រាម ដែលអាចផ្គត់ផ្គងរាងកាយពេញមួយថ្ងៃ។

ផ្លែល្វា
អ្នកប្រហែលជាមិនជឿថា ផ្លែល្វា មានអត្ថប្រយោជន៍សម្រាប់រាងកាយនោះទេ ប៉ុន្តែ ផ្លែល្វា ចំនួន៥ផ្លែ មានជាតិកាល់ស្យូមប្រមាណជា ៩០មីលីក្រាម រួមទាំងជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមផងដែរ។ អ្នកអាចជួយទទួលទានផ្លែល្វាស្រស់ ឬស្ងួត ទៅតាមចំណងចំណូលចិត្ត ព្រោះវាមានអត្ថប្រយោជន៍ដូចគ្នា។

តៅហ៊ូ
នៅក្នុងតៅហ៊ូ មួយពែងមានផ្ទុកជាតិកាល់ស្យូមច្រើនជាង ៤០០មីលីក្រាម ដែលអាចជំនួយឲ្យឆ្អឹងរឹងមាំបាន។ លើសពីនេះ អ្នកស្រាវជ្រាវបានបង្ហាញថា តៅហ៊ូ ក៏អាចការពារបញ្ហាឈឺចាប់នៅពេលដែលស្ត្រីអស់រដូវ។

ទឹកដោះគោដែលផលិតពីរុក្ខជាតិ
ពពួកទឹកដោះគោដែលផលិតចេញពីសណ្តែកសៀង ផ្លែអាល់ម៉ុន ដូង សុទ្ធតែសម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីន D ដែលល្អបំផុតសម្រាប់សុខភាពឆ្អឹង។

សរុបមកវិញ ប្រសិនបើអ្នកចង់ឲ្យឆ្អឹងមានសុខភាពល្អ ហើយរឹងមាំរហូតដល់ចាស់ សូមព្យាយាមទទួលទានអាហារដែលបានរៀបរាប់ខាងលើនេះជាប្រចាំ៕

មតិយោបល់