ព័ត៌មានជាតិ

ស្ត្រីម្នាក់ ឃើញផ្ទះបាយងងឹតពេក រាយខ្សែភ្លើងយកទៅដាក់ដើម្បីបំភ្លឺ បែរជាឆក់ស្លាប់មួយរំពេចទៅវិញ!…

កណ្តាលៈ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលរូបគាត់បានរាយខ្សែភ្លើងយកទៅដាក់ផ្ទះបាយខាងក្រោយ លុះពេលដែលគាត់ទាញទ្វារបិទស្រាប់តែឆ្លងចរន្តឆក់ស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចទ្វាខាងក្រោយផ្ទះនៅ
ភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហាយ នី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មានប្តីនិងកូន៤នាក់ ប្រុសម្នាក់ ស្រី៣នាក់ក្នុងបន្ទុកគ្រួសារ។

លោកអធិការបញ្ជាក់ថា៖ តាមការបំភ្លឺសាក្សីឈ្មោះ យ៉ុង ប្រាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើការរោងចក្រ បានឲ្យដឹងថា គេបានឃើញជនរងគ្រោះរាយខ្សែភ្លើងយកទៅដាក់ផ្ទះបាយខាងក្រោយ រួចក៏ទាញទ្វាបិទ ខណៈនោះតែគាត់បានឮសម្លេងស្រែកអ៊ូយៗ ទើបប្រញាប់រត់មកឃើញ ស្រាប់តែឃើញជនរងគ្រោះដួលនៅជិតទ្វាក្បែរខ្សែភ្លើងសន្លប់ស្តូកស្តឹង ទើបគាត់ស្រែកហៅបងប្អូនឲ្យមកជួយ ហើយនាំគ្នាយកជនរងគ្រោះដឹកទៅមន្ទីរពេទ្យ មណ្ឌលសុខភាពបង្អែកស្រុកអង្គស្នួល មកដល់លោកគ្រួពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ទៅហើយ ទើបនាំគ្នាដឹកសាកសពយកមកផ្ទះវិញ។

ក្រោយមកផ្នែកជំនាញ នគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក ចាប់ផ្តើមពិនិត្យ សពដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនជនរងគ្រោះនគរបាលប៉ុស្តិ៍។ការសន្និដ្ឋានរបស់ លោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនីពិតប្រាកដ ហើយបច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់