អ្នកជំនាញគ្រប់រូបបានណែនាំថា ការបំបៅដោះកូនដោយទឹកដោះម្តាយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់ទារកទៅថ្ងៃអនាគត់ ក៏ប៉ុន្តែក្នុងអំឡុងពេលនេះអ្នកម្តាយក៏គួរតែយកចិត្តទុកដាក់ចំពោះការទទួលទានចំណីអាហារផ្សេងៗ។ ព្រោះអាហារទាំងឡាយត្រូវបានបំលែងចូលទៅក្នុងទឹកដោះ ហើយអាចមានផលប៉ះពាល់វិជ្ជមាន ឬអវិជ្ជមានចំពោះទារក។ លើសពីនេះទៅទៀត ការលេបថ្នាំ ឬប្រើប្រាស់ផលិតផលថែសម្រស់ក៏អាចផ្តល់ផលប៉ះពាល់ដល់ទារកផងដែរ ប្រសិនបើអ្នកម្តាយមិនបានពិគ្រោះជាមួយអ្នកជំនាញឲ្យបានត្រឹមត្រូវ។
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកម្តាយគ្រប់រូបគួរតែជៀសវាងក្នុងអំឡុងពេលបំបៅដោះកូនៈ
ការជក់បារី
មិនថាក្នុងអំឡុងពេលមានផ្ទៃពោះនោះទេ សូម្បីតែពេលបំបៅដោះកូនក៏អ្នកគួរតែផ្អាកជក់បារីដែរ ព្រោះវាអាចធ្វើទារកប្រឈមនឹងហានិភ័យផ្សេងៗ។ បើទោះបីជាអ្នកមិនជក់បារីផ្ទាល់ក៏ដោយ បើអ្នកនៅក្បែរអ្នកជក់បារីក៏ប៉ះពាល់ដូចគ្នាដែរ។
ការប្រើប្រាស់ថ្នាំ
ក្នុងដំណាក់កាលបំបៅដោះកូន អ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដោយគ្មានការចេញវេជ្ជបញ្ជារពីគ្រូពេទ្យ ដោយសារតែថ្នាំប្រភេទនេះអាចប៉ះពាល់ដល់សុខភាពទារក។
ផលិតផលលាបលើស្បែក
ការលាបឡេ ឬក្រែមនៅលើស្បែកក៏អាចប៉ះពាល់ដល់សុខភាពទារកដែរ ព្រោះទារកអាចប៉ះពាល់ដោយផ្ទាល់ជាមួយនឹងស្បែករបស់អ្នក ជាពិសេសចុងសុដន់តែម្តង។ ហេតុនេះ សូមប្រើផលិតផលដែលវេជ្ជបណ្ឌិតបានណែនាំ។
ផលិតផលបំបាត់ក្លិនខ្លួន
ជៀសវាងប្រើប្រាស់ផលិតផលបំបាត់ក្លិនខ្លួនឲ្យបាន ក្នុងដំណាក់កាលបំបៅដោះកូន ព្រោះសារធាតុគីមីពុលរបស់វាអាចជ្រាបចូលទៅក្នុងខ្លួនរបស់អ្នកតាមរយៈផ្ទៃស្បែក ហើយធ្វើឲ្យទារកមានបញ្ហាពេលបំបៅដោះ។
អាហារដែលបង្កឲ្យអាឡែកស៊ី
តើមានអាហារណាខ្លះ ដែលអ្នកម្តាយគួរជៀសវាងក្នុងអំឡុងពេលបំបៅដោះកូន? ប្រសិនបើអ្នកធ្លាប់មានប្រតិកម្មជាមួយនឹងអាហារណាមួយ គួរតែជៀសវាង ជាពិសេសអាហារដែលមានជាតិកាហ្វេអ៊ីន គឺងាយនឹងធ្វើឲ្យក្រពះទារកមានបញ្ហានៅពេលបំបៅដោះ៕

ប្រភពៈ boldsky
មតិយោបល់