ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងដកហូតថ្នាំញៀនចំនួន ៤៤កញ្ចប់ កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវរថភ្លើង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះ ទី១-ឈ្មោះ ទេព បូរ៉ា (ហៅចិន) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក, ទី២-ឈ្មោះ បុត្យ សុខមាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិលូ សង្កាត់ស្វាយប៉ាក និងទី៣-ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយប្រតិបត្តិការទី១ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការជិះល្បាតក្នុងមូលដ្ឋានត្រង់ចំណុចផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណៈពេលនោះ ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ដោយមានការសង្ស័យទើបសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនសួរនាំ ហើយឆែកឆេររកឃើញថ្នាំញៀនចំនួន ៤២កញ្ចប់។ ចំណែកឯប្រតិបត្តិការទី២ កម្លាំងសមត្ថកិច្ចយើងជិះល្បាតក្នុងមូលដ្ឋាននៅតាមបណ្តោយផ្លូវរថភ្លើង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ដោយមានការសង្ស័យទើបសមត្ថកិច្ចយើងឃាត់ខ្លួន ដកហូតថ្នាំញៀនចំនួន ២កញ្ចប់ និងម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយសូគីសូគុន ស្លាកលេខ ភ្នំពេញ 1T-0396 ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍សួរនាំ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់