ព័ត៌មានជាតិ

លោកវរសេនីយ៍ទោ កែវ សុថា៖ រហូតមកទល់ម៉ោងនេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានជនដៃដល់ពាក់ពន្ធ័នឹងសំណុំរឿងឃាតកម្ម រំលោភសម្លាប់ក្មេងស្រីម្នាក់នៅបាវិត នៅឡើយទេ!

ស្វាយរៀងៈ លោកវរសេនីយ៍ទោ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់Post News នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ មុននេះបន្តិចថា « រហូតមកទល់នឹងម៉ោងនេះ សមត្ថកិច្ចជំនាញនៅមិនទាន់ធ្វើការឃាត់ខ្លួនបានជនដៃដល់ណាម្នាក់ ពាក់ពន្ធ័នឹងសំណុំរឿងឃាតកម្មរំលោភសម្លាប់ ទៅលើក្មេងស្រីវ័យ១៨ឆ្នាំ​ដែលជាបុគ្គលិកការស៊ីណូហ្គោតឡាក់ បាននៅឡើយនោះទេ។

លោកវរសេនីយ៍ទោ កែវ សុថា បានថ្លែងប្រាប់Post Newsបន្តទៀតថា ជាការពិតណាស់ កាលពីអំឡុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការហៅបុគ្គលមួយចំនួនមកសួរនាំ តែប៉ុណ្ណោះ ព្រោះជាវិធានការនៃការស្រាវជ្រាវតាមជំនាញរបស់សមត្ថកិច្ចតែប៉ុណ្ណោះ តែក្រោយពីការសាកសួរ និងស្រាវជ្រាវតាមលក្ខណៈជំនាញរបស់សមត្ថកិច្ចរួចមកឃើញថា បុគ្គលដែលសមត្ថកិច្ចហៅមកសាកសួរខាងលើនេះ មិនមានការជាប់ពាក់ពន្ធ័ណាមួយ ជាមួយនឹងករណីឃាតកម្មរំលោភសម្លាប់ខាងលើនេះឡើយ ហើយរហូតមកទល់ពេលនេះ​សមត្ថកិច្ចជំនាញពាក់ពន្ធ័ កំពុងតែដុតដៃ ដុតជើង ក្នុងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់បានមុខសញ្ញាជនដៃដល់ ខាងលើឈានទៅដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

គួររំលឹកផងដែរ៖ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីម្នាក់ ដេកផ្កាប់មុខស្លាប់នៅចំណុចក្បែររបងផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយសភាពនៃសព ស្ថិតក្នុងភាពអាក្រាតកាយ ដោយមានខោក្នុងនៅជាប់កជើងខាងស្ដាំ ព្រមទាំងមានដុំថ្មសង្កត់ពីលើក្បាលផ្នែកខាងក្រោយផងដែរ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍រដ្ឋបាលបាវិត សហការជាមួយលោកវេជ្ជបណ្ឌិត អ៊ូ សាផល គ្រូពេទ្យបង្អែកជីភូ បានទៅដល់កន្លែងកើតហេតុ និង ធ្វើការពិនិត្យកន្លែងកើត និងសាកសពឃើញថា សាកសពឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការស៊ីណូហ្គោតឡាក់ ស្ថិតនៅក្នុងក្រុងបាវិត មានទីលំនៅភូមិដូនម៉ៅលើ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដេកស្លាប់ផ្កាប់មុខនៅក្នុងទឹកស្រែ។ ក្រោយពីសមត្ថកិច្ចលើកសាកសពពីក្នុងទឹកមកលើគោក ដើម្បីធ្វើការពិនិត្យឃើញថា សាកសពមានសភាពហើមស្អុយ និងអាក្រាតកាយដោយមានខោលីអូនៅត្រឹមកជើងខាងស្ដាំ ចំណែកនៅនឹងកមានកន្សែងរឹតជាប់នឹងក ចំណែកខ្លួនប្រាណមានរបកស្បែកស្ទើរពេញមួយតួខ្លួន ទៀតផង ។ ដូច្នេះ តាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត អ៊ូ សាផល គ្រូពេទ្យបង្អែកជីភូ រួម និងសមត្ថកិច្ចជំនាញនគរបាលឃើញ សាកសពឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ១៨ឆ្នាំ ស្លាប់ដោយសាជនល្មើស រំលោភ និងយកកន្សែងរឹតក ហើយយកទៅបោះចោលនៅក្នុងទឹកស្រែក្បែរគុម្ពដើមរំចេកនៅក្នុងភូមិឃុំខាងលើ៕

មតិយោបល់