បាត់ដំបងៈ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់របស់លោកវរសេនីយ៍ឯកលឹមពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការឃាត់ខ្លួនជនសង័្សយឈ្មោះ អឿង រ៉ាវីត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវពីករណីលួចយកម៉ូតូនៅសង្កាត់វត្តគរក្រុងបាត់ដំបង។
ចំពោះករណីដែលឈានដល់ការឃាត់ខ្លួនបាននេះគឺ ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អឿត នឿត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីករណីអំពើលួចកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី នៅចំណុចក្រុមទី១៣ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះជនសង័្សយមិនស្គាល់ឈ្មោះ បានលួចយកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-9862 ក្នុងពេលដែលគាត់ទុកនៅចំណុចខាងលើ។
នៅក្រោយពេលទទួលបាននូវពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវរហូតកំណត់បាន អំពីមុខសញ្ញានេះ និងបានធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ ដកហូតសម្ភារៈរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ចំនួន០១គ្រឿងជារបស់ជនរងគ្រោះ
-ស្លាកលេខម៉ូតូ1Q-9862បាត់ដំបង
-កូនសោបំពង់ចំនួន០១
-កូនសោចិញ្ចៀនចំនួន០៤
-ទូណឺវីសចំនួន០១
-កុងទ័រម៉ូតូចំនួន០១
-ចង្កៀងភ្លើងមុខម៉ូតូចំនួន០១
-របាំងច្រវ៉ាក់ម៉ូតូចំនួនមួយគូរ
-តែមម៉ូតូចំនួនមួយគូរ
-អាវម៉ូតូចំនួនមួយគូរ
នៅចំពោះមុខសមត្ថកិច្ចជនសង័្យសខាងលើបានឆ្លើយសារភាពថា រូបគេបានលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន សកម្មភាពដែលខ្លួនលួចយកបាននោះគឺ ដោយឃើញម៉ូតូជនរងគ្រោះទុកប្រហែសខ្លួនបានលួចបណ្តើរចេញពីទីនោះ បានឆ្ងាយបន្តិចទើបខ្លួនកាត់ខ្សែភ្លើងម៉ូតូរៀបចំតភ្ជាប់ចរន្តដែលអាចបញ្ឆេះម៉ូតូឱ្យឆេះបាន រួចជិះយកទៅដោះគ្រឿងបំបែកជាច្រើនកន្លែង។
សូមជម្រាបជូនថាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ មុខសញ្ញាឈ្មោះ អឿង រ៉ាវីត ភេទប្រុស រូបនេះ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពលួចដោះយកកង់ម៉ូតូមួយគ្រឿងជារបស់ស្រ្តីម្នាក់ នៅសង្កាត់វត្តគរក្រុងបាត់ដំបង ក្នុងខណៈម្ចាស់ម៉ូតូទុកម៉ូតូនៅជិតវាលស្រែមួយកន្លែងទុកតែតួម៉ូតូឱ្យម្ចាស់បង្កឱ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហាជនម្តងរួចមកហើយ។
សកម្មភាពកាលនោះ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់នៅតុលាការ តែក្រោយពេលអនុវត្តទោសរួច និងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ សាមីខ្លួនមិនបានកែប្រែគំនិតនោះទេ រូបគាត់បានបន្តសកម្មភាពដដែលនេះទៀត រហូតសមត្ថកិច្ចឃាត់ខ្លួនបាននៅពេលនេះតែម្តង។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ច បានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ជាថ្មីម្តងទៀត៕
មតិយោបល់