ព័ត៌មានជាតិ

កម្ពុជា ដាក់បញ្ចូលសូចនាករ ប្រែប្រួលអាកាសធាតុ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលនូវសូចនាករ ប្រែប្រួលអាកាសធាតុ នៅក្នុងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ ដែលមានគោលដៅធានាថា មួយផ្នែកនៃគោលបំណងអភិវឌ្ឍន៍ជាតិ នឹងត្រូវបានសម្រេច នៅក្នុងបរិបទប្រែប្រួលអាកាសធាតុ។

លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពបានលើកឡើង នៅថ្ងៃទី៧ មេសា ២០១៦ យ៉ាងដូច្នេះថា “ការកសាងក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព នឹងជួយដល់ការសម្រេចចិត្តក្នុងការរៀបចំគោលនយោបាយ និងការវាស់វែងសកម្មភាព របស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទាំងការបន្សាំ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់”។

យ៉ាងណាមន្រ្តីជំនាញរូបនេះបញ្ជាក់ថា ការរៀបចំក្របខ័ណ្ឌជាតិ សម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការប្រែប្រួអាកាសធាតុតាមវិស័យ ត្រូវតែបន្ស៊ីគ្នាជាមួយក្របខ័ណ្ឌជាតិ គឺដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងងាយស្រួលតាមដានការរីកចំរើននៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។

ការងារនេះ ត្រូវបានសាកល្បងអនុវត្តរួចមកហើយ ជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ហើយនៅថ្ងៃនេះ បាននិងកំពុងចាប់ផ្តើមការងាររៀបចំក្របខ័ណ្ឌការត្រួតពិនិត្យ ជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងសុខាភិបាលបន្ថែមទៀត ក្រោមកិច្ចសហការ ជាមួយវិទ្យាស្ថានអន្តរជាតិ ដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ ហៅកាត់ថា (IIED) រួមជាមួយអគ្គលេខាធិការរដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ដោយចីរភាព។

លោក ទិន ពន្លក បញ្ជាក់ទៀតថា ការងារនេះអាចដំណើរការបាន ក្រៅពីការជួយជ្រោមជ្រែងរបស់ស្ថាប័នជាតិ និងអន្តរជាតិ ខាងលើ ក៏នៅមានការចូលរួមយ៉ាងសកម្មផងដែរ ពីអង្គការសង្គមស៊ីវិល ជាតិ-អន្តរជាតិ ស្ថាប័នជាតិពាក់ព័ន្ធ និងបណ្តាប្រទេសជាដៃគូរមួយចំនួន បានជួយគាំទ្រលើផ្នែកបច្ចេកទេស សម្ភារៈ និងបានជួយសម្របសម្រួលលើការងារនេះ ឲ្យដំណើរការទៅបានដោយល្អប្រសើរ៕

photo_2016-04-07_01-10-40

មតិយោបល់