សៀមរាបៈ សកម្មភាពរថយន្តយីឌុបភ្លៅ៥ផ្ទុកឈើរបស់ក្រុមហ៊ុនលី សុគន្ធ បាននឹងកំពុងបំផ្លាញផ្លូវថ្នល់ក្នុងខេត្តទេសចរណ៍សៀមរាបនេះយ៉ាងធ្ងន់ធ្ងរ ខណៈគេមើលឃើញថាមន្ត្រីសមត្ថកិច្ចជំនាញមួយចំនួនឃុបឃិតឲ្យមានការដឹកលើសទម្ងន់ពីច្បាប់កំណត់។
បើតាមសេចក្ដីរាយការណ៍ជាក់លាក់បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ខែឧសភានេះមានសកម្មភាពរថយន្តយ៉ីឌុបដឹកជញ្ជូនឈើ របស់ក្រុមហ៊ុនលី សុគន្ធ បានដឹក ចេញទឹកដីខេត្តព្រះវិហារយកទៅចែកចាយនៅតាមដេប៉ូ ខេត្តសៀមរាបដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជំនាញជាច្រើនកន្លែង។ ប្រភពអះអាងថា អាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានចេញមុខបង្ក្រាបនោះទេដោយមានអ្នករត់ការឈ្មោះហេងបានចេញមុខបង់លុយឲ្យបិទមាត់ទាំងអស់គ្នា។
សេចក្ដីរាយការណ៍បញ្ជាក់ថាការដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ទៅខេត្ត សៀមរាបបានកើតមានជាយូរណាស់មកហើយក្នុងនោះដែរឈ្មួញឈើបានប្រើប្រាស់នូវរថយន្តខ្នាតធំៗដោយផ្ទុកឈើ ជាង៥០ម៉ែត្រគូបដែលអាចប្រឈមនឹងការ បំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរអាស្រ័យហេតុនេះហើយទើបផ្លូវតែងរងការខូចខាតជាបន្តបន្ទាប់ដោយគ្មានឃើញសមត្ថកិច្ចជំនាញណាមួយចេញមុខទប់ស្កាត់សោះឡើយ។ ទាក់ទិនទៅនឹងករណីនេះដែរលោក យឹម សុីវ៉ន នាយសង្កាត់រដ្ឋបាលព្រៃឈើ បាគងនិងសៀមរាបបានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៨នេះថា រថយន្តនោះគេដឹកឈើមានច្បាប់ត្រឹមត្រូវគឺជារបស់ក្រុមហ៊ុនលី សុគន្ធដឹកចេញពីខេត្តព្រះវិហារមកលក់នៅដេប៉ូក្នុងក្រុងសៀមរាប។
លោកបន្តថាក្នុងច្បាប់នោះលោកបានពិនិត្យទៅឃើញថាគេឲ្យដឹកត្រឹម១៨ម៉ែត្រគូបដើម្បីឲ្យសុីជាមួយជញ្ជីងមន្ទីរសាធារណៈការផង។ចំណែក គឹម ប៊ុនណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាបមិនអាចទាក់ទងសុំការពន្យល់បានទេនារសៀលថ្ងៃទី២៨នេះ។ យ៉ាងនេះក្តីក្រុមអ្នកតាមដានបទល្មើសព្រៃឈើបានឲ្យដឹងថា រថយន្តដឹកឈើរបស់ក្រុមហ៊ុនខាងលើជាប្រភេទយីឌុបភ្លៅ៥មានតទ្រុងវែងៗ អាចផ្ទុកឈើមិនក្រោម៦០ម៉ែត្រគូបនោះទេ ដូច្នេះហើយតើផ្លូវក្រោលកៅស៊ូក្នុងខេត្តទេសចរណ៍មួយនេះអាចធានាបានប៉ុន្មានឆ្នាំទៅ ហើយនរណាជាអ្នកខាតបង់នោះ៕
មតិយោបល់