កំពតៈ យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ មានករណីជនសង្ស័យ បានធ្វើសកម្មភាពលួចរថយន្ត១គ្រឿង ទីតាំងស្ថិតត្រង់ចំណុចគីឡូសូន្យ ផ្លូវឡើងបូកគោ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យចំនួន៦នាក់ ជនជាតិចិនមិនស្គាល់អត្តសញ្ញាណ បានលួចរថយន្តម៉ាកព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ ២BD៤៥១៤ របស់ជនរងគ្រោះឈ្មោះ ទូច សំ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបូកគោ បានសហការជាមួយនគរបាលក្រុង ស្រាវជ្រាវរកឃើញរថយន្តមកដែលយកមកប្លុងចោល នៅចំណុច កោះតៃវ៉ាន់ ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងបូកគោ ដើម្បីធ្វើកំណត់ហេតុ នឹងប្រគល់ជូនជនរងគ្រោះវិញ ។
បច្ចុប្បន្នកម្លាំងអាវុធហត្ថក្រុងបានប្រគល់ រថយន្ត, ទូរស័ព្ទ២គ្រឿង, លុយ៦០០$ លុយខែ្មរ២ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរដល់ម្ចាស់ដើមវិញ ៕


មតិយោបល់