កំពង់ចាមៈ លំនៅស្ថានប្រជាពលរដ្ឋ១ខ្នង ដែលសាងសង់ឡើងអំពីឈើប្រក់ក្បឿង ទំហំ៩ម៉ែត្រ គុណ១៨ម៉ែត្រ រួមជាមួយទ្រព្យសម្បត្តិមាសប្រាក់មួយចំនួនទៀត ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ក្នុងរយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ដោយសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី គ្រាដែលម្ចាស់ផ្ទះកំពុងតែដេកលង់លក់នៅលើផ្ទះ ហើយមានតែក្រមា១ស្លៀកនៅជាប់នឹងខ្លួននាំចៅរត់យករួចជីវិត ដែលរថយន្តពន្លត់អគ្គិភ័យមិនអាចទៅជួយទាន់ពេលឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៥៥នាទី ទៀបភ្លឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុ គឺម្ចាស់ផ្ទះឈ្មោះ សាំង សើង ភេទប្រុស អាយុ៦៩ឆ្នាំ កំពុងតែដេកលង់លក់នៅលើផ្ទះជាមួយនឹងចៅតូចម្នាក់ ដោយប្រពន្ធកូនមិនបាននៅផ្ទះនោះទេ ដែលគ្រោះអគ្គិភ័យនេះ បានបំផ្លិចបំផ្លាញលំនៅស្ថាន១ខ្នងទាំងស្រុង រួមជាមួយទ្រព្យសម្បត្តិជាច្រើនទៀត មានដូចជា ប្រាក់២៥០០ដុល្លារ លុយខ្មែរ៦លានរៀល ខ្សែកផ្លាកទីន១ខ្សែ ទម្ងន់៨ជី ផ្លាកដៃ១ខ្សែ ទម្ងន់៨ជី ចិញ្ចៀន១វង់ ទម្ងន់២ជី ម៉ូតូម៉ាកវីវ៉ា១គ្រឿង កង៤គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង ទូរទស្សន៍២គ្រឿង និងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។
ទោះជាយ៉ាងណា គ្រោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ ហើយនៅព្រឹកថ្ងៃទី២៩ ខែឧសភានេះដែរ ព្រះសង្ឃ លោកតាអាចារ្យ និងពុទ្ធបរិស័ទ ដែលមានទីវត្តអារាមនៅក្បែរកន្លែងកើតហេតុ បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ទៅចែកជូនដល់ក្រុមគ្រួសាររងគ្រោះដោយអគ្គិភ័យនេះផងដែរ៕
https://youtu.be/uNowU19PAi0
https://youtu.be/u1bWbS5sAio
https://youtu.be/cDshSoEGS50



មតិយោបល់