ភ្នំពេញៈ បុរសម្នាក់រងរបួលក្បាល ខណៈពេលម៉ូតូសង់កូរ៉េរបស់គាត់បុកជាមួយរថយន្តម៉ាកហាយឡែនឌ័រ ហើយត្រូវបានម្ចាស់រថយន្តហៅរថយន្តផ្សេងទៀតដឹកគាត់ទៅពេទ្យដើម្បីពិនិត្យនិងព្យាបាលរបួសក្រោយពេលកើតហេតុ។
ឧប្បទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៣៣៧ កែងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X -7233 បើកដោយស្ត្រីម្នាក់តាមបណ្តោយផ្លូវ៣៣៧ ទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចផ្លូវបែកជាបួន ជាមួយនិងផ្លូវ៥២៨ មិនដឹងជាយ៉ាងម៉េចក៏ស្រាប់តែបុកជាមួយម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1B-0168ដែលកំពុងបើកមិនដឹងល្បឿនជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ៥២៨ លាន់សូរប្រ៉ាវខ្ទាតជនរងគ្រោះបណ្តាលឲ្យរងរបួសជើងនិងក្បាលចំណែករថយន្តកំពិតកាងខាងមុខផ្នែកខាងឆ្វេង និងម៉ូតូខូចខាតតិចតួចខាងផ្នែកខាងស្តាំ ហើយមួយសន្ទុះក្រោយមកខាងម្ចាស់រថយន្តខាងលើក៏បានទាក់ទងរថយន្តផ្សេងទៀតដឹកបុរសខាងលើទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់