ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមចំនួន៨នាក់នៅខណ្ឌចំការមន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ កិត្តិខុម ស្នងការរងនគរបាលរាជធានីភ្នំពេញ ទួលបន្ទុកផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានឆ្មក់ចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា និងកោសជប់ចំនួន២ទីតាំង ដោយធ្វើការឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមចំនួន៨នាក់។

ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចផ្ទះគ្មានលេខ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៨០ កែងនិងផ្លូវលេខ ១២៧ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ដោយឆ្លងកាត់តាមការស្រាវជ្រាវរបស់កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសការជួញដូរមនុស្ស និងការពារអនិតិជននាំស្នងការនគរបាលរាជធានីភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ទើបឈានទៅដល់ការឆ្មក់ចុះមកបង្ក្រាបនូវទីតាំងជួញដូរផ្លូវភេទទាំង២ទីតាំងខាងលើ។

ដោយក្នុងប្រតិបត្តិការនេះដែរ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនស្រ្តីជាមេការចំនួន ២នាក់ គឺទី១-ឈ្មោះ អា ប៊ិន ជនជាតិវៀតណាម អាយុ ២៣ឆ្នាំ និងទី២-ឈ្មោះ ង្វៀង ធីងឿត ជនជាតិវៀតណាម អាយុ ៤៥ឆ្នាំ រួមទាំងស្ត្រីរកស៊ីផ្លូវភេទចំនួន ៦នាក់ទៀតផងដែរ។

ក្រោយពីប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរផ្លូវភេទជ្រកក្រោមស្លាកកោសជប់ និងម៉ាស្សា ទាំង២ទីតាំងខាងលើ ស្ត្រីមេកាជាជនជាតិវៀតណាមទាំង ២នាក់ រួមទាំង ស្ត្រីរកស៊ីផ្លូវភេទទាំង ៦នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនិតិជននៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់