ព័ត៌មានជាតិ

ដាំជួសកូនឈើប្រមាណ៥ពាន់ដើម នៅតំបន់ព្រៃលិចទឹក ដែលរងការឆេះនាពេលកន្លងមក

កំពង់ឆ្នាំងៈ កូនព្រៃឈើលិចទឹកប្រមាណ៥ពាន់ដើម ត្រូវបានអាជ្ញាធរខេត្ត ស្រុក ឃុំ ប្រជាពលរដ្ឋប្រមាណជិត៤០០នាក់ សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកទៅដាំជួសក្នុងតំបន់ព្រៃលិចទឹកស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពីតំបន់នោះបានទទួលរងនូវភ្លើងឆេះព្រៃអស់មួយចំនួនធំ កាលពីអំឡុងដើមខែឧសភា ឆ្នាំ២០១៦កន្លងមកថ្មីៗនេះ។

លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០១៦ ព្រៃលិចទឹកនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ប្រមាណជិត៦០០ហិកតា ត្រូវបានភ្លើងព្រៃឆេះបំផ្លាញដោយអន្លើរៗ ដែលមកដល់ពេលនេះ ដីព្រៃមួយចំនួនមិនមានព្រៃលិចទឹកដុះឡើងវិញទេ។ ទន្ទឹមនឹងស្ថានភាពបែបនេះ ក្រសួងកសិកម្ម រដ្ឋបាលជលផល និងអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ ចាត់វិធានការជាបន្ទាន់មួយ ឲ្យមន្ត្រីសង្កាត់រដ្ឋបាលជលផល សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ការពារតំបន់ភ្លើងឆេះព្រៃលិចទឹកនេះ ដោយមិនអនុញាតិឲ្យអ្នកណាម្នាក់មកចាប់ ឬកាន់កាប់ដីព្រៃទាំងនោះឡើយ។

នៅថ្ងៃនេះ អាជ្ញាធរខេត្ត ស្រុក ឃុំ ប្រជាពលរដ្ឋប្រមាណជិត៤០០នាក់ សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានយកកូនព្រៃឈើលិចទឹកជាច្រើនប្រភេទរួមមាន កូនរាំង ចង្កែង ត្រស់ ទន្លៀរជាដើមប្រមាណ៥ពាន់ដើម មកដាំជួសកន្លែងឆេះព្រៃកាលពីរដូវក្តៅកន្លងទៅ។

លោកបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ពន្យល់ពីសារៈប្រយោជន៍នៃព្រៃលិចទឹកឲ្យក្មួយៗសិស្សានុសិស្ស ប្រជានេសាទឲ្យដឹងថា ព្រៃលិចទឹកជាជម្រកដ៏ចាំបាច់សម្រាប់ត្រីពងកូននារដូវទឹកឡើង, ជាដែនជម្រកសត្វព្រៃគ្រប់ប្រភេទ, ជាជម្រកលាក់ខ្លួនគេចពីសត្រូវបំផ្លាញរបស់សភាវៈរស់ក្នុងទឹក, ជារបាំង រនាំងទប់ខ្យល់ព្យុះ និងទឹករលកការពារមច្ឆាជាតិ និងប្រជានេសាទ, ជាប្រភពចំណីធំធាត់សម្រាប់សត្វ និងមច្ឆាជាតិ, ជួយទប់ទល់ការដុះរាលដាលនៃពពួករុក្ខជាតិរាតត្បាត, ទប់ទល់ការហូរច្រោះ និងបាក់ដីបណ្តាលមកពីទឹកភ្លៀង និងទឹកជំនន់ដែលនាំឲ្យទន្លេគោករាក់, ទាក់ទាញទឹកភ្លៀងឲ្យធ្លាក់ក្នុងតំបន់បានច្រើន, ជួយផ្តល់នូវអាកាសធាតុបរិសុទ្ធ និងបរិយាកាសល្អក្នុងតំបន់, សំអាតទឹកក្រខ្វក់ ធានារក្សាគុណភាពទឹក, ជាប្រភពអេកូឡូស៊ីយ៉ាងសំខាន់សម្រាប់ពពួកភាវៈរស់ ជីវចម្រុះ និងធ្វើឲ្យបរិស្ថានមានលំនឹង, ស្រូបយកជាតិពុលពីក្នុងបរិយាកាសបានល្អជាងព្រៃឈើនៅតំបន់ខ្ពង់រាប។

ដោយឡែកលោកបណ្ឌិត ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំងបានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ កុំកាប់គាស់រុករាន ដុតបំផ្លាញតំបន់ព្រៃលិចទឹក ព្រោះព្រៃឈើលិចទឹក គឺជាអាយុជីវិតរបស់មនុស្សសត្វរស់នៅលើផែនដី តែបើសិនមានការកាប់បំផ្លាញ ជនដៃដល់ដាក់ទោសទណ្ឌតាមច្បាប់ស្តីពីជលផល និងត្រូវជាប់ពន្ធនាគារ។ ត្រូវចេះជួយថែរក្សា និងជួយដាំព្រៃឈើឡើងវិញនៅក្នុងមូលដ្ឋានដែលយើងរស់នៅ ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចរដ្ឋបាលជលផល ក្នុងការបង្ហាញទីតាំង និងមុខជនណាកំពុងកាប់បំផ្លាញព្រៃ៕

មតិយោបល់