កណ្តាលៈ សោកនាដកម្មមួយដ៏រន្ធត់បានកើតឡើង ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយយុវជនមួយក្រុមមានគ្នា៦នាក់ បានបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ ជ្រុលចង្កូតទៅបុករថយន្តដឹកពោត ចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល២នាក់និងកន្លែងកើតហេតុ គួរឲ្យរន្ធត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៦នាទី ឈានចូល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រលេខ១២ លើកំណាត់ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បងជីវិត និងរបួសធ្ងន់ស្រាលទាំង៦នាក់នោះ ទី១ឈ្មោះ នៅ ថារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ អ្នកបើកបរ (ស្លាប់) ស្នាក់នៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល, ទី២ឈ្មោះ ឡេង វុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល (របួសស្រាល), ទី៣ឈ្មោះ ង៉ែត ប្រុស ភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល(ស្លាប់) ទី៤ឈ្មោះ គង់ ចេងហេង ភេទប្រុស មានទីលំនៅភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់) ,ទី៥ឈ្មោះ យ៉ូត ប្រុស ភេទប្រុស (ស្លាប់) និងទី៦ របួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកឯម្ចាស់រថយន្តដឹកពោតបានរត់គេចខ្លួន។
បើតាមអ្នករួមដំណើរជាមួយអ្នកស្លាប់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើរពីស្រុកស្អាង ទៅភ្នំពេញ ចូលរួមពិធីមង្គលការរបស់មិត្តភក្តិ លុះដល់ម៉ោងវិលត្រឡប់មកវិញពួកគាត់បានបន្តចូលផឹក និងច្រៀងខារ៉ាអូខេ B.Gold នៅក្រុងតាខ្មៅ ផឹកអស់ជាច្រើនកេះ ឡើងស្រវឹងជោកជាំ ក៏នាំគ្នាធ្វើដំណើរវិលត្រឡប់ទៅលំនៅដ្ឋាននៅឯស្រុកស្អាង និងកោះធំដោយរថយន្តមួយគ្រឿងម៉ាកCamry បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2H-3738 ចំនួន៦នាក់ ក្នុងល្បឿនលឿន ពី(ក្រុងតាខ្មៅ ទៅស្រុកស្អាង -កោះធំ ) ក្នុងទិសដៅពីជើង ទៅត្បូង ស្រាប់តែដល់កន្លែងកើតហេតុក៏ឃើញរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2452 ក្នុងទិសដៅពីត្បូង ទៅជើង (បញ្ច្រាសទិសគ្នា) ធ្វើឲ្យរថយន្តរបស់គាត់ (កាមរី បាឡែន) បានរ៉េចង្កូតជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ដឹកពោតចំពាក់កណ្តាល ខ្ទេចស្ទើរតែទាំងស្រុង បណ្តាលឲ្យមិត្តភក្តិនិងអ្នករួមដំណើរជាមួយស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល២នាក់។ ចំពោះតៃកុងឡានបានកៀបជាប់នៅក្នុងរថយន្ត ចំណែកឯអ្នករួមដំណើរបានផ្លោងបោកផ្ទប់នៅក្នុងឡានតែម្តង។
នគរបាលចរាចរណ៍ក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់ និងរបួសជាច្រើននាក់ កម្លាំងជំនាញក៏ចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ ហៅរថយន្តសង្គ្រោះមកដឹកសាកសពយកទៅលំនៅដ្ឋានរបស់ពួកគាត់ និងដឹកអ្នករបួសយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះដើម្បីជួយសង្គ្រោះ។ រីឯវត្ថុតាងទាំងពីកម្លាំងជំនាញចរាចរណ៍បានយកមករក្សារទុកនៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការបន្តរទៅតាមផ្លូវច្បាប់។
នគរបាលចរាចរណ៍បានបញ្ជាក់ថា៖ រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយរថយន្តម៉ាកCamry បាឡែន ពណ៌ស្ករ បានបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ និងបើកបរហួសល្បឿនកំណត់ ៕
https://youtu.be/RBN3CNVjAbo
មតិយោបល់