ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ក្រោយពេលធ្វើសកម្មភាពវាយប្លន់យកទូរសព្ទដៃម៉ាកIphone5មួយគ្រឿងពីយុវជនម្នាក់ កាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើយោងតាមសម្តីយុវជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានឈរនិយាយទូរសព្ទខណៈនោះក៏លេចមុខជនសង្ស័យម្នាក់ប្រដាប់ដោយដំបងដែកទីបមកសំលុតគំរាមទារកាបូបលុយ ហើយក៏បានប្រតាយប្រតបគ្នា ក្រោយមកជនសង្ស័យក៏បានឆក់យកទូរសព្ទពីជនរងគ្រោះ ខណៈនោះជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះចេញមកជួយចាប់វាយជនសង្ស័យយ៉ាងចាស់ដែ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ថៃ ផាន់ អាយុ២៤ឆ្នាំមុខរបរ កម្មករលក់គ្រឿងសំណង់ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ សឿន វរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/YT1iKH10yoI
មតិយោបល់