ព័ត៌មានបច្ចេកវិទ្យា

ចំនួនអ្នកប្រើបណ្តាញសង្គមក្នុងលោក កើនដល់ជាង ៣ ពាន់លាននាក់

បច្ចុប្បន្ន អ្នកប្រើប្រាស់បណ្តាញសង្គមបានឡើងដល់ជាង ៣ ពាន់លាននាក់ហើយ ដែលនេះ គឺស្មើនឹងចំនួនមនុស្សនៅក្នុងពិភពលោក​ជិតពាក់កណ្តាល។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ Hootsuite និង We Are Social ចុះផ្សាយដោយគេហទំព័រ The Next Web

របាយការណ៍ដដែលបានរកឃើញថា សព្វថ្ងៃ មនុស្សចំនួន ៣.០២៨ ពាន់លាននាក់ នៅជុំវិញពិភពលោក កំពុងប្រើបណ្តាញសង្គមផ្សេងៗយ៉ាងសកម្ម ខណៈអត្រាប្រជាជនលើភពផែនដី ត្រូវគេប៉ាន់ប្រមាណថា មានចំនួន ៧.៥២៤ ពាន់លាននាក់ ហើយនេះមានន័យថា អ្នកកំពុងប្រើប្រាស់បណ្តាញសង្គមមានចំនួនប្រហែល ៤០% នៃចំនួនពលរដ្ឋសរុបទូទាំងសកល។

របាយការណ៍បានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកមានអិុនធើណែតប្រើ ៣.៨១៩ ពាន់លាននាក់ គឺមានតែមនុស្សមួយភាគតូចប៉ុណ្ណោះដែលគ្មានគណនេយ្យបណ្តាញសង្គម ខណៈពួកគេមួយភាពធំ គឺស្មើនឹង ២.៧៨០ ពាន់លាននាក់ ប្រើប្រាស់បណ្តាញឌីជីថលនេះតាមឧបករណ៍ចល័តដែលមានពពួកស្មាតហ្វូន និងថេប្លេត។

យ៉ាងណាមិញ តួលេខដ៏ច្រើនសម្បើមនេះ នៅតែបន្តកើនឡើងថែមទៀត។ បើគិតចាប់តាំងពីខែមេសា ចំនួនអ្នកចុះឈ្មោះបង្កើតគណនីបណ្តាញសង្គមថ្មី គឺកើន ៤% ស្មើនឹង ១២១ លាននាក់ ឬក្នុងមួយថ្ងៃៗ មានអ្នកប្រើប្រាស់បណ្តាញសង្គមចំណូលថ្មីប្រមាណ ១ លាននាក់។

ក្នុងចំណោមកម្មវិធីបណ្តាញសង្គមទាំងអស់ Facebook ទទួលបានការពេញនិយមខ្លាំងជាងគេបំផុត ដោយវាមានអ្នកប្រើប្រាស់សកម្មប្រចាំខែប្រមាណ ២.០៤៧ ពាន់លាននាក់ ហើយកម្មវិធីគ្រួសាររបស់ Facebook រួមមាន WhatsApp និង Messenger មានអ្នកប្រើសកម្មប្រចាំខែជាង ១ ពាន់លាននាក់ ឯ Instagram មានជាង ៧០០ លាននាក់។ នេះបើយោងតាមរបាយការណ៍ពីប្រភពដដែល៕

កម្មវិធី Android មានអ្នកទាញយកច្រើនបំផុត ៤ សុទ្ធតែជារបស់​ Facebook

ប្រភពព័ត៌មានៈ mashable

មតិយោបល់