ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនសិស្សសាលាវ័យក្មេង៤នាក់ ពាក់ព័ន្ធករណីឆក់កាបូប!

ភ្នំពេញៈ បើយោងតាមសមត្ថកិច្ចព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះថា លោក តុប ឈុនហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៤នាក់ ពាក់ព័ន្ធករណី ឆក់កាបូបជនបរទេស។

ប្រភពបានបញ្ជាក់ថា ការសម្រេចឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីលោក ហោ លីណា បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ៖
-ទី១ឈ្មោះ វ៉ា គីមហ័រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស
-ទី២ឈ្មោះ ទូច ម៉េងហ័ង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្នអ្នកទាំង ២នាក់មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ
-ទី៣ឈ្មោះ ជ័យ សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ០៣១ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ
-និងទី៤ឈ្មោះ រិន ចាន់ត្រា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

ពីបទ លួច (ឆក់កាបូប) ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនត្រូវចោទទាំង ៤នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្ថានីយ៍ចាក់ប្រេងតេលា ម្តុំវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ David Zhou ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិកូរ៉េ មានទីលំនៅផ្ទះលេខ១១២ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

យោងតាមបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជក់ថា ខ្លួនបានបាត់បង់ប្រាក់ និងសម្ភារៈមួយចំនួនរួមមាន៖
-ប្រាក់ដុល្លារចំនួន ២២,៨០០ដុល្លា (ពីរម៉ឺនពីរពាន់ប្រាំបីរយដុល្លារ)
-កាបូបស្ពាយ ពណ៌ខៀវ ចំនួនមួយ
-កិច្ចសន្យាទិញ+លក់ដី មួយច្បាប់
-លិខិតកក់ប្រាក់ទិញផ្ទះមួយច្បាប់
-និងកាត ATM មួយចំនួន។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-8637 (ម៉ូតូជិះធ្វើកម្មភាព) កាបូបស្ពាយរបស់ជនរងគ្រោះចំនួន ០១ (មានឯកសារពាក់ព័ន្ធមួយចំនួន និងប្រាក់ចំនួន ៩៤០០ដុល្លារ) កិច្ចសន្យាទិញ-លក់ដី ចំនួន ០១ច្បាប់ លិខិតកក់ប្រាក់ទិញផ្ទះ ចំនួន ០១ច្បាប់ និងកាត ATMជាច្រើនសន្លឹក៕

https://youtu.be/J1Xo1ZQfUDg

មតិយោបល់