កណ្តាលៈ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញាត្តិមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។
សូមរំលឹកថា នគរបាលស្រុកស្អាង ដឹកនាំបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសិត្បូរ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) បានចំនួន២៦កញ្ចប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីនៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧ នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ចំនួន២នាក់ (ឃាត់ខ្លួន) ១ឈ្មោះ ផា ណុប ហៅតុប ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ និងទី២ឈ្មោះ សុខ ណាត ហៅត្រេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២៦កញ្ចប់ ២ទូរសព្ទចំនួន២គ្រឿង ម៉ាកណូគា(អិនចុចពិល) ៣កូនកាំបិតដងពណ៍លឿង ចំនួន១ រួមនឹងឧបករណ៍សម្រាប់វ៉ិចខ្ចប់មួយចំនួនផងដែរ។
ប្រភពដដែលពីលោកអធិការបញ្ជាក់ថា នៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះទៅដល់ចំណុចកើតហេតុ មានកម្លាំងសមត្ថកិច្ចនគរបាល បានឃាត់និងធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ផា ណុប និងឈ្មោះ សុខ ណាត បានរកឃើញគ្រឿងញៀន ចំនួន២៦កញ្ចប់តូច រួចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ផា ណុប ហៅតុប និងឈ្មោះ សុខ ណាត ហៅត្រេន បានសារភាពថា ខ្លួនចូលលុយគ្នាបានចំនួន២០០,០០០៛ (ម្ភៃម៉ឺនរៀល) ទិញគ្រឿងញៀនចំនួន២៦កញ្ចប់តូច ក្នុងតម្លៃ២០០,០០០៛ (ម្ភៃម៉ឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ វាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្ត៕
មតិយោបល់