ភ្នំពេញៈ ជនសង្ស័យ០២នាក់ បានប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែយកដុំថ្មវាយ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសាភា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះ ទី១ ឈ្មោះ ទ្រីវ សុវណ្ណឌី ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រកស៊ី និងទី២ ឈ្មោះ ទ្រីវ សាវី ហៅវ៉ាក់ ភេទ ប្រុស អាយុ ៤៦ឆ្នាំ មុខរបរ នៅផ្ទះ ជនបង្កទាំង ០២នាក់ខាងលើ គឺជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំណែកឯជនរងគ្រោះឈ្មោះ វេន សាវី ហៅ ហេង ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះឈ្លោះប្រកែកជាមួយជនបង្ករឈ្មោះ ឌី ហើយក៏ត្រូវបានជនបង្កបានស្តោះទឹកមាត់ទៅលើជនរងគ្រោះ ក្រោយមកជនរងគ្រោះបានច្រានទ្រូងជនបង្ក ហើយជនបង្កទាំង០២នាក់បងប្អូនបានមកគ្រៀក.កជនរងគ្រោះវាយអូសចូលទៅក្នុងផ្ទះរបស់ខ្លួន ហើយបានយកដុំថ្មវាយក្បាលជនរងគ្រោះរហូតដល់សន្លប់ ហើយនៅក្នុងនោះដែរ គឺបានបណ្តាលឲ្យម្តាយជនបង្ក ឈ្មោះ នួន ឡេង អាយុ ៨៤ឆ្នាំ បានរងរបួស ពកថ្ងាសខាងឆ្វេង និងរបួសកំភួនដៃខាងស្តាំស្រាល ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែបានចុះទៅជួយអន្តរាគមន៍ ហើយបាន បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រឺឯជនបង្ករទាំង ០២នាក់បងបង្អូនត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បាននាំយកមកសាកសួរបន្ត។
បច្ចុប្បន្នជនបង្កទាំង ០២នាក់បងប្អូនត្រូវបានចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់