ភ្នំពេញៈ តំណាងសហព័ន្ធសហជីពមិត្តភាពកម្ពុជាម្នាក់ ត្រូវថៅកែរោងចក្រកាត់ដេរ អ៊ីនធើណាស់ស្យូណាល់ រ៉ូយ៉ាល់ ដាក់ពាក្យបណ្ដឹងចូលទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ចោទប្រកាន់ថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រោងចក្រ និងប្រឆាំងថៅកែរោងចក្រ ហើយត្រូវបាននគរបាលចេញលិខិតហៅឲ្យចូលខ្លួនទៅបំភ្លឺ ដែលជាហេតុធ្វើឲ្យកម្មករកម្មការិនី ជាង១ពាន់នាក់ ដែលបម្រើការងានៅក្នុងអាគារលេខ៣៤,៣៦និង៤៣ ក្នុងរោងចក្រកាត់ដេរខាងលើមានប្រតិកម្ម។ បន្ទាប់មកពួកគេប្រមាណ២០០នាក់ បានលើកគ្នាទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីតវ៉ាមិនឲ្យនគរបាលចាត់ការលើពាក្យបណ្ដឹង ព្រមទាំងស្នើរសុំឲ្យថៅកែ ដកពាក្យបណ្ដឹងចេញវិញ។
រោងចក្រកាត់ដេរយីហោ អ៊ីនធើណាស់ស្យូណាល់ រ៉ូយ៉ាល់ មានទីតាំងស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្មករបានជិះម៉ូតូរ៉ឺម៉កកង់បីជាច្រើនគ្រឿង ទៅកាន់ប៉ុស្ដិ៍ចោមចៅ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ បន្ទាប់មកបានបន្តទៅកាន់មុខអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានទីតាំងស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការតវ៉ានៅទីនោះទៀតផងដែរ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា កម្មករកម្មការិនីផ្ទុះការតវ៉ានេះឡើង បណ្ដាលមកពីមូលហេតុមួយគឺ ព្រោះតែថៅកែរោងចក្របានដាក់ ពាក្យបណ្ដឹងទៅលើបុរសម្នាក់ឈ្មោះ ប៊ូ ថេត ដែលជាតំណាងសហព័ន្ធសហជីពមិត្តភាពកម្មករកម្ពុជាឲ្យគរបាលប៉ុស្ដិ៍រដ្ឋបាល ចោមចៅចាត់ការតាមច្បាប់។
ដោយថៅកែបានចោទប្រកាន់ថា តំណាងសហជីពរូបនោះបានចូល ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រោងចក្រ និងប្រឆាំងថៅកែរោងចក្រផងដែរ។ ចំណែកនគរបាលក្រោយពីទទួលបានពាក្យបណ្ដឹងខាងលើនោះ ក៏បានចេញលិខិតហៅឲ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នោះ។ ប៉ុន្តែនៅមិនទាន់ដល់ម៉ោងត្រូវចូលទៅផង ស្រាប់តែក្រុមកម្មករខាងលើ លើកគ្នាទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីធ្វើការតវ៉ាមិនឲ្យនគរបាលចាត់ការលើបណ្ដឹងរបស់ថៅកែ ហើយបានស្នើរសុំឲ្យថៅកែដកពាក្យបណ្ដឹងវិញជាបន្ទាន់។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីការតវ៉ានៅមុខប៉ុស្ដិ៍ចោមចៅរយៈពេលប្រហែល២០នាទី ពួកគេបានបន្តដំណើរទៅកាន់មុខ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការតវ៉ានៅទីនោះបន្តទៀត។ ដោយកម្មករបានទាមទារឲ្យលោកឧត្តមសេនីយ៍ត្រីម្នាក់នៅទីនោះ ដកពាក្យបណ្ដឹងវិញ និងបានចោទប្រកាន់ថាលោកផ្កាយមួយម្នាក់នោះកាងថៅកែរោងចក្រ ហើយ ក៏ជាអ្នកដឹកនាំក្នុងការដាក់ពាក្យបណ្ដឹងតំណាង សហជីពខាងលើនោះដែរ។ ហើយកម្មករ ក៏បានអះអាងថា ព្រោះតំណាងសហជីពរូបនេះតែងតែជួយការពារផលប្រយោជន៍កម្មករខ្លាំងណាស់ មានលោកប៊ូ ថេត ជាតំណាងមើលការខុសត្រូវពួកគេមានភាពកក់ក្ដៅខ្លាំងណាស់ ព្រោះកន្លងមកថៅកែគាបសង្កត់កម្មករ កេងប្រវ័ញ្ចកម្លាំងកម្មករ ត្រូវបានតំណាងខាងលើជួយរកយុត្តិធម៌ជូនពួកគេ។
ដូច្នេះការដាក់ពាក្យបណ្ដឹងឲ្យនគរបាលចាត់ការលើលោកប៊ូ ថេត បែបនេះគឺជាចេតនាមួយធ្វើបាបគាត់ ដែលកម្មករទាំងអស់មិន អាចទទួលយកបានឡើយ ទើបមានការតវ៉ាឡើងបែបនេះ ដើម្បីសុំឲ្យនគរបាលកុំចាត់ការទៅលើតំណាងខាងលើ ហើយក៏សុំឲ្យថៅកែដកពាក្យបណ្ដឹងវិញ បើមិនដូច្នេះទេពួកគេមិនព្រមឈប់ធ្វើការតវ៉ាឡើយ៕
https://youtu.be/64LnFgkGoWg
មតិយោបល់