ព័ត៌មានជាតិ

ម៉ិ​ក​ស៊ិ​ក​សាទរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បើក​ព្រំដែន​រួម​គ្នានាពេល​ខាង​មុខ​នេះ​

(Reuters)​ -​ កាលពី​ថ្ងៃ​ពុធ​ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កបាន​សាទរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បើក​ព្រំដែន​រួម​គ្នា​របស់​ពួក​គេ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​ បន្ទាប់​ពី​មានការ​រឹតត្បិត​នៃ​ជំងឺ​រាតត្បាត​ជាង​ ១៨​ខែ​កន្លង​មកនេះ​ ទោះបី​ប្រជាជន​ម៉ិ​ក​ស៊ិ​ករាប់​លាន​នាក់​ចាក់​វ៉ាក់សាំង​ចិន​ និង​រុ​ស្ស៊ី​ក៏​ដោយ​ ក៏​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​ការ​បិទ​ព្រំដែន​។​

​ព្រំដែន​គោក​ដែល​មមាញឹក​បំផុត​នៅ​លើ​ពិភពលោក​ ដែល​មាន​មនុស្ស​ប្រមាណ​មួយ​លាន​នាក់​បាន​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​មុន​ពេល​ជំងឺ​កូ​រ៉ូ​ណា​រាតត្បាត​ផ្ទុះ​ឡើង​ ដោយ​ត្រូវ​បាន​បិទ​ការ​ធ្វើ​ដំណើរ​ដែល​មិន​មានការ​ចាំបាច់​ចាប់តាំងពី​ខែមីនា​ ឆ្នាំ​២០២០​។​

​ប្រធានាធិបតី​លោក​ Andres​ Manuel​ Lopez​ Obrador​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​នា​ពេល​ព្រឹក​របស់​លោក​ថា​ “​ការ​បើក​ព្រំដែន​ភាគ​ខាងជើង​បាន​សម្រេច​ហើយ​ យើង​នឹង​មាន​ភាព​ប្រក្រតី​ឡើង​វិញ​”​។​

​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ Marcelo​ Ebrard​ បាន​បន្ថែម​ថា​ សហរដ្ឋអាមេរិក​នឹង​កំណត់​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ការ​បើក​ព្រំដែន​ ប៉ុន្តែ​វា​នឹង​កើតឡើង​នៅ​ដើមខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​

​ដោយ​សហរដ្ឋអាមេរិក​មាន​គម្រោង​អនុញ្ញាត​ឱ្យ​ចូល​តែ​ភ្ញៀវ​ទេសចរ​ណា​ ដែល​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ទទួលស្គាល់​ជា​ផ្លូវការ​ប៉ុណ្ណោះ​ ខណៈ​ដែល​លោក​ Lopez​ Obrador​ បាន​ទទូច​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ផ្សេង​ទៀត​ឲ្យ​ប្រើ​បាស់​ជា​សាធារណៈ​។​

​លោក​ Lopez​ Obrador​ បាន​និយាយ​ថា​ អង្គការ​សុខភាព​ពិភពលោក​ត្រូវធ្វើ​សកម្មភាព​ឱ្យ​បាន​ត្រឹមត្រូវ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ឬ​មនោ​គម​វិជ្ជា​ ដោយ​ប្រកាន់ខ្ជាប់​នូវ​វិទ្យាសាស្ត្រ​ដោយ​និយាយ​សំដៅលើ​ការ​យឺតយ៉ាវ​ក្នុង​ការ​ទទួលស្គាល​វ៉ាក់សាំង​របស់​រុ​ស្ស៊ី​ និង​វ៉ាក់សាំង​មួយ​ចំនួន​របស់​ចិន​ ៕

 

មតិយោបល់