ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមនធ្វើការឃាត់ខ្លួន ក្រោយពីជិះម៉ូតូម៉ាកហុងដាឌ្រីម មួយគ្រឿង ឌុបគ្នា តាំងពីខេត្តកណ្តាល មកចូលរួមកម្មពីធីខួបកំណើតមិត្តភក្តិនៅទីក្រុងភ្នំពេញ ប៉ុន្តែបានរក្សាទុកដាវស៊ាំម៉ូរ៉ៃមួយដើម ជាប់ម៉ូតូ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលា១២និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ទី១ឈ្មោះ អ៊ុក ស៊ីថា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យ ,ទី២ឈ្មោះ កាក់ ឌឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាចុងភៅ និងជនសង្ស័យទី៣ឈ្មោះ សុខ ច័ន្ទ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាជំនួយការកាត់ដេរ។
ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ពួកគេបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW- 6708 ជិះឌុបគ្នា៣នាក់ ធ្វើដំណើរតាំងពីខេត្តកណ្តាល បំណងមកភ្នំពេញ ចូលរួមខួបកំណើតមិត្តភក្តិ ខណៈដែលចេញពីកម្មពីធីមិត្តភក្តិវិញក៏បានធ្វើដំណើរត្រឡប់មកផ្ទះ លុះដល់ចំណុចកើតហេតុ ក៏ប្រទះនឹងសមត្ថកិច្ចខណ្ឌចំការមនដែលកំពុងល្បាតបានឃើញក៏ធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញដាវស៊ាំម៉ូរ៉ៃខាងលើ ដែលពួកគេរើសបាន តាំងពីនៅខេត្តកណ្តាលមកម្ល៉េះ ដាក់យកមកតាមខ្លួន គ្រាន់នឹងទុកដើម្បីការពារខ្លួនតែប៉ុណ្ណោះ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកធ្វើការឃាត់ខ្លួនដើម្បីធ្វើការអប់រំ និងចាត់ការតាមនិតិវីធីច្បាប់បន្តទៀត៕
មតិយោបល់