ភ្នំពេញៈ លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានថ្លែងបញ្ជាក់តាមទូរសព្ទនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះថា ជនសង្ស័យឈ្មោះ កូវ វុទ្ធី គឺពិតជានគរបាលប៉ុស្តិ៍នគរបាលព្រះបាទជាន់ជុំប្រាកដមែន។ លោកថា នគរបាលរូបនេះត្រូវបានលោក អ៊ុក សំណាង អតីតស្នងការនគរបាលខេត្តតាកែវធ្លាប់បានស្នើទៅក្រសួងឲ្យលុបឈ្មោះចោល យូរហើយ ដោយសារតែជនសង្ស័យមិនព្រមចូលធ្វើការងារតាមការកំណត់របស់ក្រសួង។
ទោះជាយ៉ាងណាលោក សុខ សំណាង បានអះអាងថា លោកក៏មិនទាន់បានឃើញលិខិតស្នើលុបឈ្មោះ ជនសង្ស័យពីក្របខ័ណ្ឌនគរបាលជាតិនៅឡើយទេ ហើយសេចក្តីសម្រេចពីក្រសួងក៏លោកមិនទាន់បានទទួលផងដែរ។
ដោយឡែក យើងមិនអាចសុំការបញ្ជាក់បន្ថែមពីលោកអធិការនគរបាលស្រុកគិរីវង់បានទេនៅព្រឹកថ្ងៃទី១២ ខែសីហា នេះដោយទូរសព្ទលោកហៅចូលហើយ លោកចុចបិទថាជាប់រវល់។
គួររំលឹកថា ជនសង្ស័យឈ្មោះ កូវ វុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ ជានគរបាលប៉ុស្តិ៍រដ្ឋបាលព្រះបាទជាន់ជុំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបាននគរបាលវៀតណាម នៃខេត្តគៀនយ៉ាង ឃាត់ខ្លួននៅចំណុច ច្រករបៀង យិនយ៉ា (ច្រករបៀងកំណប់កែវ ស្ថិតក្នុងឃុំតាអូ ស្រុកគីរីវង់ ខេត្តតាកែវ) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ដោយដកហូតបានគ្រឿងញៀនប្រទ។ភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ១គីឡូក្រាម។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចវៀតណាមបាននាំខ្លួនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តគៀនយ៉ាង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
សូមបញ្ជាក់ថា អំពើជួញដូរគ្រឿងញៀនត្រូវច្បាប់ចាត់ទុកថា ជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសវៀតណាម ហើយបើយោងតាមច្បាប់វៀតណាមជនសង្ស័យ អាចប្រឈមមុខនឹងទោសប្រហារជីវិត៕
មតិយោបល់