បន្ទាយមានជ័យៈ បុរសញៀនស្រាម្នាក់បានដេកស្លាប់ ខណៈផឹកស្រវឹងច្រើនថ្ងៃមិនញ៉ាំបាយមិនក្លែម។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
ស្ត្រីជាភរិយាជនរងគ្រោះបានប្រាប់ post news ឲ្យដឹងថា ប្តីគាត់មានឈ្មោះ ហាក់ ប៉ូលីន អាយុ៥០ឆ្នាំ នៅមុនថ្ងៃកើតហេតុប្តីរបស់គាត់បានជួបជុំជាមួយមិត្តភក្តិ ហើយផឹកស៊ីជាច្រើនថ្ងៃមកហើយ។ ស្ត្រីនោះបានបន្តថា ប្តីគាត់មានអាការញៀនស្រាផឹកមិនដែលខានទេ មួយវិញទៀត ពេលផឹកម្តងៗ គឺមិនដែលក្លែម ឬ ញ៉ាំបាយទេ ហើយក៏មិនដែលរករឿងប្រពន្ធកូនដែរ។ នៅថ្ងៃកើតហេតុ ប្តីគាត់មកពីផឹកវិញ មានសភាពស្រវឹងខ្លាំង ពេលចូលដេកដូចសព្វដង លុះព្រឹកឡើងទើបដឹងថា បានស្លាប់បាត់ទៅហើយ។
ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដោយសារផឹកស្រវឹងជោកជាំពេក។ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់