ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់ជាប្រធានគណនេយ្យរោងចក្រកាត់ដរ«អ៊ីនធើណាស់ស្យូណាល់ រ៉ូយ៉ាល់» បានបើកបររថយន្ត១គ្រឿងម៉ាកកាមរី ទៅបំបុកក្រុមកម្មករកម្មការិនីជាង៤០០នាក់ ដែលកំពុងប្រមូល ផ្ដុំគ្នាធ្វើការតវ៉ានៅចំណុចមុខរោងចក្រកាត់ខាងលើ ដើម្បីទាមទារឲ្យថៅកែដោះស្រាយនូវលក្ខខណ្ឌការងារមួយចំនួន។ ប៉ុន្តែការប៉ុនប៉ងបំបុកមនុស្សទាំងថ្ងៃនោះ មិនបានបណ្ដាលឲ្យមានអ្នកស្លាប់នោះទេ តែបានបណ្ដាលឲ្យកម្មការិនីម្នាក់រងរបួសផ្នែកដៃផងដែរ បន្ទាប់មកជនបង្កបានបម្រុងបើករថយន្តរត់គេចខ្លួន តែត្រូវបានកម្មករនាំគ្នាដេញតាមឃាត់បាន ហើយបានប្រគល់ឲ្យនគរបាលនាំទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខ រោងចក្រកាត់ដេរយីហោ«អ៊ីនធើណាស់ស្យូណាល់ រ៉ូយ៉ាល់»មានទីតាំងស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកជនសង្ស័យដែលបានបើករថយន្តប៉ងបំបុកសម្លាប់កម្មករនោះ ឈ្មោះ យ៉ែម សុចិត្រ ប្រធានគណនេយ្យរោងចក្រនោះ។
កម្មករបានឲ្យដឹងថា ពួកគេបានធ្វើការតវ៉ាបែបនេះរយៈពេល៣ថ្ងៃកន្លងមកហើយ ដើម្បីទាមទារឲ្យថៅកែដោះស្រាយនូវលក្ខខណ្ឌ ការងារចំនួន៥ចំណុច ក្នុងនោះមាន១,ស្នើរសុំឲ្យក្រុមហ៊ុនដកលោកឧត្តមសេនីយ៍ត្រី ច័ន្ច ណារ៉ា អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ចេញពីទីប្រឹក្សាក្រុមហ៊ុន។២,ស្នើរសុំឲ្យក្រុមហ៊ុនផ្ដល់អាហារថ្ងៃត្រង់មួយពេល ឬបន្ថែមលុយចំនួន១០០០រៀល លើលុយអាហារថ្ងៃត្រង់ ដែលមានស្រាប់ឲ្យកម្មករម្នាក់ៗ។៣,ស្នើរឲ្យក្រុមហ៊ុនសងប្រាក់វិភាគទានដែលកម្មករបង់ចូលសហជីពមិត្តភាពកម្មករចាប់ពីខែធ្នូ ឆ្នាំ២០១៦រហូតមកដល់បច្ចុប្បន្ន។៤,ស្នើរសុំឲ្យក្រុមហ៊ុនត្រូវអនុវត្តន៍តាមសេចក្ដីបង្គាប់ របស់ក្រុមប្រឹក្សា អាជ្ញាកណ្ដាល សំណុំរឿង១៤/១៧ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ៥,ស្នើរសុំឲ្យក្រុមហ៊ុនត្រូវដោះស្រាយតាមនិតិវិធីច្បាប់ចំពោះ បុគ្គលិកការិយាល័យ២រូប គឺឈ្មោះ ឃាង វណ្ណីរ៉ា ដែលមានតួនាទីគណនេយ្យនិងជំនួយការរដ្ឋបាល។និងឈ្មោះ ឃាង វណ្ណីរ៉ាត់ មានតួនាទីជំនួយការរដ្ឋបាល ដែលត្រូវក្រុមហ៊ុនបានដកសិទ្ធិនិងតួនាទី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ដោយគ្មានមូលហេតុ ហើយថែមទាំងឲ្យលោកឧត្តមសេនីយ៍ត្រី ច័ន្ច ណារ៉ា ទៅសំឡុតសួរចម្លើយដូចអ្នកទោស និងបានដាក់កម្លាំងនគរបាលនៅខាងមុខ ក្រុមហ៊ុនថែមទៀត។
ដោយឡែកនៅថ្ងៃកើតហេតុខណៈដែលកម្មករទាំងអស់ កំពុងតែធ្វើការតវ៉ានៅខាងមុខរោងចក្រ ស្រាប់តែជនសង្ស័យខាងលើ បានបើកបររថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2X-1058 ចេញពីក្នុងចក្រយ៉ាងលឿនក្នុងបំណងបំបុក ចូលហ្វូងកម្មករ ដែលជាហេតុវធ្វើឲ្យម្នាក់ៗមានការភិតភ័យព្រលឹងចុងសក់។ប៉ុន្តែពេលនោះមានកម្មករជាច្រើនបានរត់រួចនៅសល់ កម្មការិនីម្នាក់អង្គុយលើម៉ូតូ១គ្រឿង បណ្ដាលឲ្យរងរបួសដៃយ៉ាងដំណំផងដែរ។ បន្ទាប់មកបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានកម្មករ នាំគ្នាព័ទ្ធចាប់បានភ្លាមៗ រួចប្រគល់ឲ្យនគរបាលជួយនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/N9fvUDgjTPE
មតិយោបល់