ព័ត៌មានជាតិ

រថយន្តដឹកដំឡូងមី បុកគោយន្តកន្ត្រៃស្លាប់ម្នាក់របួសស្រាលម្នាក់

បន្ទាយមានជ័យ:​ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ និងយុវជនម្នាក់ រងរបួសស្រាលករណីគ្រោះថ្នាក់ចរាចរណ៍វាងរថយន្តធុនធំដឹកដំឡូងមី បុកជាមួយគោ យន្តកន្ត្រៃ​ កាលពីវេលាម៉ោង ១១និង៣០នាទី​ ​ ថ្ងៃទី០៩​ ខែកុម្ភ:​ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥៦ A ត្រង់ចំណុចស្រះពី ខាងត្បូងសឹករងស្រុកថ្មពួក​ ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ​ ជនរងគ្រោះដែលស្លាប់ឈ្មោះ ណែម រ៉ាត់ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ជាអ្នករួមដំណើរ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ កូណ ដូង ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិអណ្តូងខ្លុង​ ឃុំគំរូ រងរបួសស្រាល​ ។​ រីឯអ្នកបើកបររថយន្ត ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា​មុនពេលកើតហេតុ មានរថយន្តដឹកដំឡូងមីម៉ាកមីតស៊ុយប៊ីហ្ស៊ីពុយស៊ូ ពាក់ស្លាកលេខ បន្ទាយមានជ័យ​ ៣A.១២៨៧ បានធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យអ្នកបើកបរគោយន្តកន្ត្រៃរងរបួសស្រាល និងអ្នករួមដំណើរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុកវាស់វែងរួចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់