ភ្នំពេញៈ មន្ត្រីអង្គការយូនីសេហ្វ គ្រោងធ្វើសមាហរណកម្មកុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំឲ្យបានចំនួន៣០% ដើម្បីធានាថា កុមារទាំងនោះអាចមានឱកាសវិលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍របស់ពួកគេវិញនៅចុងឆ្នាំ២០១៨។
ជុំវិញរឿងនេះ កាលពីដើមឆ្នាំនេះ រាជរដ្ឋាភិបាលម្ពុជា និងអង្គការយូនីសេហ្វ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីមួយ សម្រាប់ឆ្នាំ២០១៦-២០១៨ ដោយនិយាយអំពីផែនការសកម្មភាពដែលកំពុងធ្វើការងាររួមគ្នា ដើម្បីការពារកុមារឲ្យបានកាន់តែច្រើនថែមទៀត។
ឆ្លើយតបក្នុងរឿងនេះ អង្គការយូនីសេហ្វ មានគោលដៅកាត់បន្ថយអំពើហឹង្សាលើកុមារ និងធ្វើសមាហរណកម្មកុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលឲ្យបានចំនួន៣០% ឲ្យវិលត្រឡប់ទៅគ្រួសារ និងសហគមន៍របស់ពួកគេវិញនៅចុងឆ្នាំ២០១៨។
នៅក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៥ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ឧសភានេះ លោកស្រី Natascha Paddson អនុប្រធានអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ការប្រារព្ធពិធីជូនកុមារគ្រប់រូបក្នុងប្រទេសកម្ពុជា គឺបានផ្តោតការយកចិត្តទុកដាក់លើកុមារ ដែលមានវត្តមានក្នុងថ្ងៃនេះដូចជា កុមារដែលក្រីក្រ និងងាយរងគ្រោះ កុមារដែលជាកម្មវត្ថុនៃអមពើហឹង្កសា កុមារពិការ និងកុមារដែលរស់នៅកន្លែងដែលពិបាកទៅដល់បំផុត។
លោកស្រីបញ្ជាក់ថា៖”ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីបញ្ជាក់ឡើងវិញអំពីភារៈកិច្ចរបស់យើង ក្នុងការការពារ គោរព និងសម្រេចឲ្យបាននូវសិទ្ធរបស់កុមារគ្រប់រូប។ កុមារគ្រប់រូបមានសិទ្ធទទួលបានការរស់នៅជាមួយគ្រួសារ និងសហគមន៍ ដែលអាចផ្តល់ក្តីស្រឡាញ់ដល់ពួកគេ និងសិទ្ធទទួលបានកិច្ចការពារពីគ្រប់ទម្រង់ទាំងអស់នៃអមពើរំលាភបំពាន ដូចជាពលកម្មកុមារ អំពើអាជីវកម្មផ្លូវភេទ និងអំពើហឹង្សា”។
កម្ពុជាគឺជាប្រទេសភាគីហត្ថលេខីមួយ នៃអនុសញ្ញាស្តីពីសិទ្ធកុមារ និងសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងកិច្ចការពារសិទ្ធកុមារ។ អំពើហឹង្សាលើកុមារកើតឡើងនៅគ្រប់កន្លែង និងគ្រប់ប្រទេសទូទាំងសកលលោក ប៉ុន្តែជាញឹកញាប់អំពើហឹង្សា ត្រូវបានលាក់បាំងនៅក្នុងរូបភាពធម្មតា ដោយវាកើតឡើងនៅក្នុងសហគមន៍ ក្នុងផ្ទះ ក្រោយខ្នងអ្នកដទៃ ដែលធ្វើឲ្យខូចខាតដល់សុខុមាលភាពរបស់កុមាររងផលប៉ះពាល់ ហើយបញ្ហានេះមិនចាំបាច់ត្រូវកើតឡើងបែបនេះឡើយ។ អំពើហឹង្សាលើកុមារ គឺជារឿងដែលអាចបង្ការបានទាំងស្រុង នៅពេលដែលមនុស្សគ្រប់រូបរួមគ្នា ប្តូររូបភាពដែលមើលមិនឃើញ ឲ្យប្រែក្លាយទៅជារូបភាពដែលអាចមើលឃើញ។
លោកស្រី Natascha Paddson បានបន្តថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តទៅលើអនុក្រឹត្យស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។ អនុក្រឹត្យនេះ មានគោលបំណងពង្រឹងការឃ្លាំមើលរបស់រដ្ឋាភិបាលទៅលើមណ្ឌលថែទាំកុមារ ដើម្បីធានាថាមណ្ឌលទាំងនោះប្រកាន់ខ្ពាប់នូវបទដ្ឋានអប្បបរមានៃការថែទាំចំពោះកុមារ ហើយធានាថាកុមារមិនត្រូវបានទុកដាក់នៅក្នុងមណ្ឌលដោយមិនមានភាពចាំបាច់ និងធានាថាគ្រប់ពេលទាំងអស់ ឧត្តមប្រយោជន៍របស់កុមារគឺជាអាទិភាពខ្ពស់បំផុត។
សូមបញ្ជាក់ថា ការបង្កើតកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តមណ្ឌលថែទាំកុមារឲ្យប្តូរសេវាពីការថែមទាំតាមមណ្ឌលទៅជាសេវាតាមគ្រួសារនិងសហគមន៍វិញ។ ការផ្លាស់ប្តូរបែបនេះគឺធានាថា កុមារទទួលបានកិច្ចគាំទ្រឲ្យរស់នៅជាមួយគ្រួសាររបស់ពួកគេនៅក្នុងសហគមន៍របស់ពួកគេ។
ការបំបែកកុមារពីគ្រួសាររបស់ពួកគេដោយសារតែកត្តាសេដ្ឋកិច្ច និងសង្គម ដូចជាបញ្ហាភាពក្រីក្រ មិនមែនជាដំណោះស្រាយល្អឆ្លើយតបនិងសេចក្តីត្រូវការរបស់ពួកគេឡើយ តែផ្ទុយទៅវិញវាអាចបង្កឲ្យមានការខូចខាតនិងគ្រោះថ្នាក់ជាអចិន្ត្រៃយ៍ ដែលមិនអាចធ្វើឲ្យពួកគេត្រឡប់មកដូចដើមវិញបានឡើយ។
ការបន្តកិច្ចគាំទ្រចំពោះកុមារដែលចូលរួមនៅក្នុងការងារពលកម្ម ដើម្បីឲ្យពួកគេអាចវិលត្រឡប់ទៅសាលារៀនវិញបាន និងបញ្ចប់ការអប់រំរបស់ពួកគេក្នុងនោះរួមមាន ការផ្តល់គ្រឿងលើកទឹកចិត្តដូចជា អាហារូបករណ៍ និងកិច្ចគាំទ្រផ្នែកហិរញ្ញវត្ថុនិងសម្ភារៈជូនគ្រួសាររបស់ពួកគេ៕
មតិយោបល់