ព័ត៌មានជាតិ

ទន្លេទាំង៤ នៅខេត្តស្ទឹងត្រែង នឹងត្រូវបិទមិនឲ្យនេសាទចាប់ពីស្អែកនេះ

ស្ទឹងត្រែងៈ ទន្លេទាំង៤នៅក្នុងខេត្តស្ទឹងត្រែង គឺទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក នឹងត្រូវបិទមិនឲ្យមានការនេសាទឡើយ ចាប់ពីថ្ងៃស្អែកនេះតទៅ។

លោក ដៀប បូរ៉ា នាយរងខណ្ឌជលផលខេត្តស្ទឹងត្រែងបានឲ្យដឹងថា នៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ទន្លេទាំង៤នៅក្នុងខេត្ត នឹងបិទមិនឲ្យមានការនេសាទទេ ព្រោះវាដល់ពេលចាប់ផ្តើម នៃការបិទនេសាទទាំងស្រុង។

តាមលោក ដៀប បូរ៉ា ថា ពេលនេះ គឺជារដូវដែលត្រីពង ដូច្នេះតាមសេចក្តីណែនាំ គឺជារដូវបិទនេសាទ ហើយបើតាមច្បាប់ អ្នកដែលនេសាទត្រីនៅក្នុងរដូវនេះ គឺអាចប្រឈរមុខជាប់ពន្ធនាគារ។ តែយ៉ាងណាក៏ដោយ ការនេសាទក៏នៅអនុញ្ញាតដែរ តែចំពោះក្រឡាមង អ៊ួន ដែលមានក្រឡា៤ហ៊ុន និងប្រវែង១០០ម៉ែត្រចុះ ហើយបើលើសពីនេះ គឺចាត់ទុកថាខុសច្បាប់។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល រដូវបិទនេសាទ នឹងចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាបដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ រួមមានខេត្តទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្តាខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ និងខេត្តកណ្តាលខាងជើងចតុមុខ។

ដោយឡែកចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ រួមមានរាជធានីភ្នំពេញផ្នែកខាងត្បូងចតុមុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង។

ក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់តែឧបករណ៍នេសាទគ្រួសារតែប៉ុណ្ណោះ។ ចំពោះឧបករណ៍អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិនអនុញ្ញាតឲ្យប្រើឡើយ។

ដោយឡែកឧបករណ៍លប និងសៃយ៉ឺន អនុញ្ញាតឲ្យប្រើរបាំងព្រួលរួមផ្សំមិនលើសពី១០ម៉ែត្រនៃទទឹងមុខទឹក រីឯឧបករណ៍មងអាចធ្វើនេសាទបានតែប្រវែង១០០ម៉ែត្រប៉ុណ្ណោះ៕

SONY DSC
SONY DSC
net1netphoto_2016-05-31_12-53-43photo_2016-05-31_12-53-41

មតិយោបល់