ព័ត៌មានជាតិ

ក្រោយមានអំពើប្លន់ប្រដាប់អាវុធយ៉ាងច្រើន អគ្គស្នងការនគរបាលជាតិឲ្យសមត្ថកិច្ចខេត្ត-ក្រុង បង្កើនការប្រុងប្រយ័ត្ន

ភ្នំពេញៈ បើទោះបទល្មើសចោរលួច ឆក់ ប្លន់ ប្រដាប់អាវុធ បានធ្លាក់យ៉ាងណាក៏ដោយ នៅថ្ងៃនេះ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យបណ្តាស្នងការនគរបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវមានផែនការពង្រឹងសមត្ថភាពអង្គភាព បង្កើនការប្រុងប្រយ័ត្ន បង្ក្រាបបទល្មើសចោរប្លន់ ពិសេសប្លន់ប្រដាប់អាវុធ ឲ្យខាងតែបាន ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។

លោក​ នាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងថា ក្នុងបទបញ្ជានេះសម្រាប់មុខសញ្ញាបទល្មើសដែលនៅសេសសល់អនុវត្តមិនទាន់បាន គឺត្រូវបន្តតាមដានកំណត់រកមុខសញ្ញាឲ្យបាន និងតាមចាប់​ខ្លួនជនល្មើសមកផ្តន្ទាទោសឲ្យបាន ពិសេសបទល្មើសជាប់ពាក់ព័ន្ធចោរលួច ឆក់ ប្លន់ប្រដាប់អាវុធ និងបទល្មើសនានាទៀតដែលទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងអំពើជួញដូរជាដើម។

ការថ្លែងរបស់ លោក​ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍សភាពការណ៍កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆមាសទី១ លើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក​ នាយឧត្តមសេនីយ៍ នេត សាវឿន បន្តថា បណ្តាស្នងការនគរបាលរាជធានី-ខេត្ត ត្រូវរៀបចំផែនការប្រុងប្រៀបការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានប្រកបដោយភាពទន់ភ្លន់ និងម៉ឺងម៉ាត់ ខណៈនៅថ្ងៃខាងមុខអាចនឹងមានជនឆក់ឱកាសបង្កបាតុភាពផ្សេងៗ ក្នុងឱកាសចលនាការឃោសនារកសំលេងឆ្នោត សម្រាប់ការបោះឆ្នោតនៅពេលខាងមុខជិតឈានចូលមកដល់។

របាយការណ៍អានដោយ លោក​ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦ ក្នុងចំណោមបទល្មើសដែលកើតឡើងជារួមជាង១៧០០លើក គឺកម្លាំងនគរបាលមានលទ្ធភាពបង្ក្រាបបានប្រមាណ៨០% ដែលស្មើនឹង ១០៦៧ករណី ឃាត់ខ្លួនជនល្មើសបាន១៥៣៧នាក់ ក្នុងនោះបទឧក្រិដ្ឋ៣៧៦នាក់ បទមជ្ឈឹម១១៦១នាក់។

លោក​បន្តថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌកើតឡើង១៣៤៩លើកនោះ គឺមានអំពើលួច ប្លន់មានស្ថានទំងន់ទោស កើតឡើង១៤១លើក ថយ១០% ដោយឡែកបទល្មើសមជ្ឈឹមក្នុងចំណោម៩៧៤លើក ក្នុងអំពើលួចឆ្លក់មាន៤៨៨លើកថយចុះ៧% នឹងដកហូតអាវុធប្រើខុសច្បាប់បាន១២លើក។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦ នៅទូទាំងប្រទេស គឺមានតែខេត្តចំនួន៥ប៉ុណ្ណោះ ពុំមានបទល្មើសចោរប្លន់ កើតឡើង ខណៈមានខេត្តចំនួន១៥ផ្សេងទៀត មានបទល្មើសចោរប្លន់នោះកើនឡើងខ្លាំង។ ក្នុងចំណោមខេត្តទាំង៥ ដែលពុំមានបទល្មើសចោរប្លន់កើតមាននោះរួមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ធំ មណ្ឌលគិរី កែប និងខេត្តឧត្តរមានជ័យ៕

photo_2016-08-05_15-21-48photo_2016-08-05_15-21-49photo_2016-08-05_15-21-50photo_2016-08-05_15-21-47photo_2016-08-05_15-21-44photo_2016-08-05_15-21-45 (2)photo_2016-08-05_15-21-45photo_2016-08-05_15-21-46photo_2016-08-05_15-21-47 (2)

មតិយោបល់