ព័ត៌មានជាតិ

លើកអង់តែនទូរទស្សន៍ប៉ះជាមួយនឹងខ្សែភ្លើង បណ្តាលឲ្យឆក់ស្លាប់ម្នាក់និងរបួសម្នាក់!

ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរបានប្រាប់ Post Newsថា មានបុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងយុវតីម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបានលើកអង់តែនទៅប៉ះជាមួយនឹងខ្សែភ្លើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ យ៉ុន
អាយុ៥៦ឆ្នាំ ភេទស្រី ក្នុងភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុក វណ្ណ: អាយុ២៨ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិក សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកស្នាក់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍នៅផ្ទះរបស់បងបង្កើតឈ្មោះ ហុក ឡុង ភេទប្រុស បានមកលេងផ្ទះមិត្តភក្តិ នៅភូមិក្រាំងវែង និងជនរងគ្រោះម្នាក់ទៀតដែលរងរបួសស្រាលមានឈ្មោះ ឯម ស្រីនីច ភេទស្រី អាយុ១៦ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកក្រគរ។

ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីការលើកអង់តែនទូរទស្សន៍ទៅប៉ះខ្សែភ្លើង ទើបបណ្តាលឲ្យឆ្លងចរន្តឆក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានស្លាប់ម្នាក់ប្រុស និងខាងស្រីកំពុងសង្គ្រោះបន្ទាន់៕

មតិយោបល់