មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនពី Facebook ទៅ Meta ក្រុមហ៊ុនបានប្រកាសថានឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុកក្នុងពេលឆាប់ៗនេះ ហើយសន្យាថានឹងលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ដែលពួកគេបានប្រមូលដែលមានចំនួនប្រមាណមួយពាន់លាននាក់។
ក្រុមហ៊ុនបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការថ្លឹងថ្លែងពីភាពវិជ្ជមានក្នុងការប្រើប្រាស់ប្រព័ន្ធសម្គាល់មុខ និងដោយសារតែមានការព្រួយបារម្ភពីអ្នកប្រើប្រាស់ជាច្រើន ក្រុមហ៊ុនបានសម្រេចបិទមុខងារនេះ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមួយចំនួនគិតថា ក្រុមហ៊ុនបិទមុខងារនេះដើម្បីព្យាយាមស្ដារប្រជាប្រិយភាពរបស់ក្រុមហ៊ុនឡើងវិញតែប៉ុណ្ណោះ។ មុខងារសម្គាល់មុខត្រូវបានក្រុមហ៊ុនដាក់បញ្ចូលទៅក្នុងកម្មវិធីហ្វេសប៊ុកកាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយចំនួនដែលអាចឱ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ Face Recognition បាន។ បច្ចុប្បន្នមានអ្នកប្រើប្រាស់តែប្រមាណ ៣០ភាគរយដែលកំពុងតែប្រើមុខងារនេះ។
គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់កម្មវិធីហ្វេសប៊ុកមានការថយចុះខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះជាមួយនឹងក្មេងវ័យជំទង់។ ក្នុងឆ្នាំ២០១២ ៩៤% នៃក្មេងជំទង់មានគណនីហ្វេសប៊ុក ប៉ុន្តែចំនួននេះបានថយចុះនៅសល់តែ២៧%នៅក្នុងឆ្នាំ២០២១ ហើយពួកគេបានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជា Snapchat, Twitter, Instagram និង TikTok ជំនួសវិញ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
មតិយោបល់