ភ្នំពេញ: លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គោលដៅចម្បងនៃ “សិក្ខាសាលា ស្តីពីការលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ-វត្ថុសាធារណៈដល់យុវជនកម្ពុជា” ក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយពីការងារកែទម្រង់ពាក់ព័ន្ធចំនួន ២ ផ្សេងទៀតគឺ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងនូវសាវតារសង្ខេបកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់អង្គសិក្ខាសាលាថា ដំណាក់កាលបច្ចុប្បន្ននេះ មានគោលចម្បងប្រែក្លាយប្រព័ន្ធថវិកាពីប្រព័ន្ធថវិកាផ្តោតលើធាតុចូល និងមជ្ឈការ ទៅជាប្រព័ន្ធថវិកាផ្តោតលើលទ្ធផល ឬធាតុចេញ និងវិមជ្ឈការ។ ជាជំហានបន្ទាប់ ចាប់ពីឆ្នាំ២០២១ គឺបន្តពង្រឹងជាបណ្តើរឆ្ពោះទៅកាន់ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងមូលឱ្យសម្រេចបាននៅឆ្នាំ២០២៥ ដែលជាគោលដៅចម្បងនៃដំណាក់កាលចុងក្រោយ គឺដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។
ជាលទ្ធផលដ៏សំខាន់នៃការអនុវត្តកម្មវធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការប្រែក្លាយពីកង្វះសាច់ប្រាក់រ៉ាំរ៉ៃទៅជាអតិរេកសាច់ប្រាក់ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលសម្រេចបានគោលដៅជាអាទិភាពរបស់ខ្លួន ជាពិសេសការដំឡើងបៀវត្សជូនមន្រ្តីរាជការ និងការបើកបៀវត្សទាន់ពេលវេលា ពោលគឺនៅសប្តាហ៍ទី៤ ក្នុងខែនីមួយៗ។ ជាលទ្ធផលសិក្ខាសាលា ១ថ្ងៃនេះ សម្រេចបាននូវផ្លែផ្កាធំៗ ដូចខាងក្រោម ៖ ១).ផ្តល់ពុទ្ធិដល់យុវជនកម្ពុជាពីការងារកែទម្រង់របស់រាជរដ្ឋាភិបាល រួមមាន កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ២).បានទទួលនូវការចូលរួមយ៉ាងសកម្ម និងកុះករពីយុវជនកម្ពុជា តាមរយៈការលើកជាសំណួរ និងចែករំលែកការយល់ដឹង និង៣).យុវជនយល់ដឹងពីតម្លៃ និងសារៈសំខាន់របស់ខ្លួនក្នុងការចូលរួមចំណែកនៅក្នុងកម្មវិធីកែទម្រង់របស់រាជរដ្ឋា-ភិបាល។
លោកបណ្ឌិតទេសរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា អ្វីដែលយើងបានធ្វើនៅថ្ងៃនេះនឹងក្លាយជាមរតកប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ ហើយវានឹងជះឥទ្ធិពលដល់ថ្ងៃអនាគត”ដែលសំដៅឱ្យមានការរួបរួមគ្នាកសាងប្រទេស ដើម្បីបន្សល់មរតកដល់អ្នកជំនាន់ក្រោយ។
ដោយមានការវាយតម្លៃខ្ពស់ចំពោះអត្ថប្រយោជន៍លើកម្មវិធីសិក្ខាសាលានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំឱ្យមានសិក្ខាសាលាបែបនេះបន្តទៀតដើម្បីជំរុញ និងបង្កើនការផ្សព្វផ្សាយការយល់ដឹង និងការចូលរួមពីសំណាក់សិស្ស, និស្សិត យុវជន និងសាធារណជនពីគ្រប់មជ្ឈដ្ឋាន៕
មតិយោបល់