ព័ត៌មានជាតិ

ម្ចាស់ងោកមួយភាំង លុចស៊ីស RX៣៣០ ស្លាកលេខ ភ្នំពេញ2AR-266 រេចង្កូតចូលផ្ទះលក់បាយ បុកក្មេងស្រី អាយុ ៣ឆ្នាំ របួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្ត ម៉ាកលុចស៊ីស RX៣៣០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ2AR-2667 ងោកមួយភាំង បានជ្រុលចង្កូតចូលផ្ទះលក់បាយ បុកកូនស្រីម្ចាស់ផ្ទះ ដែលនៅមុខផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់បាយយីហោ (សុខគាមួយហេង) តាមបណ្តោយផ្លូវ៥៩៨ ក្រុមទី២ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តម៉ាកលុចស៊ីស RX៣៣០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ2AR-2667 បើកបរដោយឈ្មោះ ស៊ុ ប៊ុណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មុខរបរជាងទង។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ន សុខគា ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះវ៉ា វីរ៉ាន់ អាយុ៣៨ឆ្នាំ ចំណែកកូនស្រីរងរបួសឈ្មោះ គា សៀវវីន អាយុ៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តបង្ក បើកដោយបុរសខាងលើ រួមដំណើរជាមួយប្រពន្ធ និងកូនស្រីម្នាក់ តាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ងោកមួយភាំង ក៏រេចង្កូតជ្រុលចូលផ្ទះលក់បាយ បុកចំក្មេងស្រី កំពុងនៅមុខផ្ទះនិងរបស់របរ បណ្តាលឲ្យរងរបួសធ្ងន់ និងខូចខាត។

ក្រោយកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះបន្ទាន់ រីឯរថយន្ត និងអ្នកបើកបរ ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធា នីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ៕

មតិយោបល់