ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ថាជាជាងផ្សារដែកនោះ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីធ្វើការផ្សារដែកខុសបច្ចេកទេស ស្រាប់តែរអិលជើងធ្លាក់ចូលក្នុងម៉ាស៊ីនកិនដីបណ្ដាលឲ្យសាកសពខ្ទេចជាបំណែកៗ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចសិប្បកម្មឡផលិតឥដ្ឋ មួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ អឿន រ៉ាវុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅជាមួយឪពុកក្បែរស្ពានលេខ១២ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅឯព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត ដែលជាជាងផ្សារដែកដូចគ្នានេះ បានកំពុងផ្សារនៅក្បែរម៉ាស៊ីនកិនដី ដោយនៅក្បែរម៉ាស៊ីននោះកំពុងតែបើកដំណើរការ ហើយក៏បាននាំគ្នាសម្រាកមួយភ្លែត ដោយពេលសម្រាកនោះ មិត្តភក្តិម្នាក់ទៀតក៏រវល់ចេញមកខាងក្រៅបាត់ ស្រាប់តែពេលនោះ គេបានឃើញជនរងគ្រោះបានស្ទុះឡើងទៅក្បែរម៉ាស៊ីនកិនដី ហើយក៏បានធ្វើការផ្សារដែកតែម្នាក់ឯង ស្រាប់តែពេលកំពុងផ្សារនោះ ក៏បានផ្សារខុសបច្ចេកទេស ហើយក៏រអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៊ីនកិនដីបណ្ដាលឲ្យកិនខ្ទេចសាកសពជាបំណែកៗស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងកើតហេតុតែម្ដង។
ក្រោយពីកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍បាក់ខែង បានចុះទៅដល់កន្លែងរួចក៏បានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យភ្លាមៗ។ ក្រោយពេលកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យ និងសន្និដ្ឋានរួចមក ជនរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសារការផ្សារដែកខុសបច្ចេកទេស ទើបធ្វើឲ្យរអិលជើងធ្លាក់ចូលក្នុងម៉ាស៊ីនកិនដីបណ្ដាលឲ្យកិនខ្ទេចសាកសពជាបំណែកៗស្លាប់យ៉ាងអាណោចអាធ័ម ពិតប្រាកដមែន។ ចំណែកឯសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល៕
មតិយោបល់