ព័ត៌មានជាតិ

ឃាត់ខ្លួនអនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះម្នាក់ ក្រោយពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍និងឈានទៅដល់ការប្រើហិង្សាទៅលើស្ត្រីម្នាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនលោក វណ្ណ វិរៈ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ យកទៅធ្វើការសាកសួរពាក់ព័ន្ធទៅនឹងការប្រើអំពើហិង្សាដោយបក្ខពួករបស់លោកបានទះកំផ្លៀងទៅលើស្ត្រីម្នាក់ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូប៉ះគ្នាតែបន្តិចបន្តួចរួចមកនោះ។

ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៣ និង ៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានប្រាប់ឲ្យដឹងថា បុរសម្នាក់ដែលបានឃាត់ខ្លួនមានឈ្មោះ វណ្ណ វិរៈ អាយុ ៣៥ឆ្នាំ មុខងារជាអនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មុនពេលកើតហេតុ នៅចំណុចខាងមុខហាងមីហិរ ម្តុំសាលាបឹងត្របែកមានករណីរថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-7808 មួយគ្រឿង បើកបរដោយស្ត្រីម្នាក់ ក៏បានប៉ះជាមួយនិងម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GC-8167 ជិះដោយបុរសម្នាក់ បណ្តាលឲ្យរងការខូចខាតបន្តិចបន្ទួច និងមិនមានអ្នកណាម្នាក់រងរបួសឡើយ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចហើយស្ត្រីអ្នកបើកបរមិនបានឈប់និយាយគ្នាឡើយ ហើយក៏បានបើករថយន្តបន្តលុះទៅដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស ៣៣០ មិនចាំស្លាកលេខមួយគ្រឿងបើកមកកាក់ពីមុខជាប់ក្នុងបំណង ឲ្យស្ត្រីអ្នកបើកបររថយនព្រុស បង្កធ្វើការសុំទោសដល់ភាគីម៉ូតូ។ ពេលនោះ ស្ត្រីអ្នកបើកបររថយន្តព្រុសប្រកែកមិនទទួលកំហុស និងមិនធ្វើការសុំទោសទៅលើភាគីម៉ូតូនិងជជែកតឹងសសៃករដាក់គ្នានោះ ក៏ត្រូវបុរសភាគីម៉ូតូស្ទុះទៅទះកំផ្លៀងស្ត្រីខាងលើមួយដៃ រួចឡើងជិះរថយន្តឡិចស៊ីស ៣៣០ ទៅបាត់ បន្សល់ទុកតែម៉ូតូរបស់ខ្លួន និង លោកអនុប្រធានសាខាកាំកុងត្រូលនៅនឹងន្លែងកើតហេតុ ក៏ត្រូវកម្លាំងមានសមត្ថកិច្ចចុះមកដល់និងហៅទៅធ្វើការសួរនាំនៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវទាំងអស់គ្នាតែម្តង។

ក្រោយពេលកើតហេតុ ក្រោយពីកម្លាំងមានសមត្ថកិច្ចនាំខ្លួនភាគីទាំងទាំង២ទៅដល់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវធ្វើការសួរនាំដឹងរឿងរួចហើយ ក៏តម្រូវឲ្យភាគីទាំង២ធ្វើការសម្រមសម្រួល និងដោះស្រាយបញ្ចប់រឿងនឹងគ្នានៅពេលនោះផងដែរ៕

មតិយោបល់